ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរសៀលម្សិលមិញ បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ជើញទៅទស្សនានិងស្វែងយល់ពីកំណាយស្រាវជ្រាវនេះ ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផង ព្រមទាំងកោតសរសើរចំពោះកិច្ចការរបស់ក្រុមអ្នកជំនាញនិងការដឹកនាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាដែលខិតខំបំពេញការងារអភិរក្ស អភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ។ លោកជំទាវ សម្តែងសេចក្តីរីករាយដែលរាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ផ្តល់ឱកាសឱ្យលោកជំទាវបានចូលរួមចំណែកថែរក្សាសម្បត្តិដូនតាលើទឹកដីអង្គរបានយ៉ាងច្រើន។
ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានចំណាយធនធានចូលរួមក្នុងកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងលើកតម្លៃបេតិកភណ្ឌពិភព លោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ។
ឯកឧត្តមអគ្គនាយក ក៏ស្តាប់បទបង្ហាញពីអ្នកជំនាញចំពោះលទ្ធផលកំណាយនៅក្នុងការដ្ឋាននេះ ហើយលើកទឹកចិត្តចំពោះកិច្ច ការស្រាវជ្រាវដើម្បីបង្ហាញរបើកគំហើញថ្មីៗនៅតំបន់អង្គរផង៕






