វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍អំពីហានិភ័យប្រាសាទ នៅក្នុងរមណីយដ្ឋានអង្គរ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ បានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០។
លោក លឹម ស្រ៊ូ ប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអំពីហានីភ័យប្រាសាទ មានភ្នាក់ងារទេសចរណ៍ចូលរួមចំនួន១៥៥នាក់ នៅតាមប្រាសាទសំខាន់ៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប និងប្រាសាទបាគង។
លោក លឹម ស្រ៊ូ បន្តថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនសិក្ខាកាមទាំងអស់អំពីតួនាទីរបស់ភ្នាក់ងារទេចរណ៍ ការពន្យល់ពីអ្នកជំនាញជាតិ-អន្តរជាតិអំពីប្រវត្តិសាស្ត្រទូទៅនៃឧទ្យានអង្គរ ប្រវត្តិនៃការអភិរក្សនិងការជួសជុលប្រាសាទ ការចុះពិនិត្យទីតាំងដែលមានហានីភ័យផ្ទាល់ និងវិធានការការពារដើម្បីសង្គ្រោះប្រាសាទ។ តាមរយៈមេរៀនទាំងនេះ គឺដើម្បីឱ្យភ្នាក់ងារទេសចរណ៍មានមូលដ្ឋានជាគ្រឹះខ្លះៗ អាចចូលរួមអង្កេត ផ្តល់ព័ត៌មាន និងរួមចំណែកផ្តល់សញ្ញាព័ត៌មានដល់ភ្ញៀវទេសចរបានជ្រាបនិងទប់ស្កាត់ហានីភ័យផ្សេងៗនៅតាមប្រាសាទ។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះគ្រូឧទ្ទេសក៍ទាំងអស់ដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ក្រុមការងារ ហើយសង្ឃឹម ថាក្រុមការងារដែលបានយកចិត្តទុកដាក់ទទួលការបណ្តុះ បណ្តាល នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកចំណេះដឹងថ្មីនេះបន្តទៀតប្រកបដោយផ្លែផ្កាល្អក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពល្អប្រសើរក្នុងតំបន់អង្គរ៕
ប្រភពពីអាជ្ញាធរជាតិអប្សរា






