
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។
អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈ ពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
ក្រៅពីដាំដើមត្នោត អាជ្ញាធរជាតិអប្សរា ក៏បានដាំដើមស្តៅ និងអំពិលបានជាច្រើនដើមផងដែរ នៅលើដីទំនេរតាមទំនប់អមប្រឡាយបុរាណ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញនោះអាចអាស្រ័យផល និងដោះស្រាយជីវភាពប្រចាំថ្ងៃ។
អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវផងដែរ សូមបងប្អូនមេត្តាកុំលែងសត្វគោ ក្របី ឲ្យចូលក្នុងបរិវេណនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិទាំងនោះ។








