រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០មិថុនានេះ មានបើកកិច្ចប្រជុំ ស្ដីពី ការធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធដីធ្លី
និងបំបែកក្បាលដីក្នុងបុរីសំរាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារនេះឲ្យបានលឿនជូនប្រជាពលរដ្ឋ។
ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និមួយៗត្រូវធ្វើការត្រួតពិនិត្យ
និងស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ ដែលរស់នៅតាមតំបន់១ចំនួន។ តំបន់ខ្លះត្រូវបានកំណត់ដោយ ស.ជ.ណរួចហើយ និងឈានទៅធ្វើប្រទានកម្មដីនោះ និងផ្តល់បណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ។
ឯ.ឧ បន្តថា មន្ទីររៀបចំដែនដីនគររូបនីយ៏កម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញ បានបំពេញការងារទាំងថ្ងៃទាំងយប់ លើការងារបោះពុម្ពសន្លឹកបណ្ណ័កម្មសិទ្ធ ក៏ដូចការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ និងផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនបងប្អូន។ អាជ្ញាធរខណ្ឌនិមួយៗបានលើកឡើងពីនិន្ន័យ តំបន់ត្រូវធ្វើប្រទានកម្មដីធ្លី និងផលប៉ះពាល់ពាក់ពន្ធ័ នឹង សំណើរសុំការអនុញ្ញាតិធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលរស់នៅមិនរៀបរយលើដីអាងស្តុកទឹក ទួលគោកទី១ សង្កាត់បឹងកក់ទី២ និងអាងស្តុកទួលគោកទី២ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ដែលមានពាក់ពន្ធ័នឹង ផ្លូវរថភ្លើងដែរនោះ។
ឯ.ឧ ឃួង ស្រេង បញ្ជាក់ថា អង្គប្រជុំបានកំណត់គំលាតពីអក្ស័ផ្លូវរថភ្លើងសងខាង គឺខាងត្បូងផ្លូវ១១ម៉ែត្រ និងខាងជើង ផ្លូវ១៥ម៉ែត្រ ចាប់ពីត្រឡោកបែក ដល់វិថី គីម អ៊ីលស៊ុង ចំណែកអាងស្ដុកទឹកត្រូវទុកទំហំទទឹងប្រឡាយ ២៤ម៉ែត្រ
និងទុកចំណីប្រឡាយសំរាប់ធ្វើផ្លូវ និងបុកស៊ីផាយដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត។ ចំណែកកំណាត់ផ្លូវ អមផ្លូវរថភ្លើងចាប់ពីផ្លូវ គីម អ៊ីលស៊ុង ដល់រាជាយស្ម័យយានកម្ពុជា ត្រូវថយ១២ម៉ែត្រពីអក្ស័ផ្លូវរថភ្លើង។
សូមបញ្ជាក់ថា ក្រៅពីនេះក៏នៅមានទីតាំងមួយចំនួន ដែលត្រូវដោះស្រាយតាមនិតិវិធីសុរិយោដី និងការផ្តល់ប្រទានកម្មដី
ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនឈានទៅផ្តល់ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ជូនបងប្អូនអោយបានត្រឹមត្រូវនិងតម្លាភាព៕
អត្ថបទ៖ឈួន សំអាត រូបភាព ប៊ុន ចាន់ពិសិដ្ឋ









