សត្វប្រវឹកចំនួន ៣៨២ក្បាលដែលចាប់រឹបអូសបានពីការជួញដូរខុសច្បាប់ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញខេត្តសៀមរាប នាំយកទៅលែងនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី។
កាលពីថ្ងៃទី២៦ ខែកញ្ញា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះបង្ក្រាបនិងរឹបអូស សត្វប្រវឹក ជិត ៥០០ក្បាលពីរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខម ដែលដឹកសត្វព្រៃខុសច្បាប់មានទិសដៅចេញពីច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ តែវាបានងាប់អស់មួយចំនួននៅសល់តែ ៣៨២ក្បាល ហើយនៅថ្ងៃទី២៧ ខែកញ្ញា នេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធនាំយកទៅលែងនៅតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ។
អធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ផងដែរ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅមន្ត្រីជំនាញ ដើម្បីបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់៕





