ខេត្ដសៀមរាប ៖ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុសស្ពានឈើ នៅប្រាសាទបេងមាលា ឡើងវិញ បន្ទាប់ពីស្ពានដែលសាងសង់ កាលពីឆ្នាំ២០០២នេះ មានភាពពុកផុយដោយអន្លើ និងមានសភាពតូចចង្អៀត។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានឈើនៅក្នុងប្រាសាទបេងមាលានេះ មានប្រវែង២៦៣ម៉ែត្រ ប៉ុន្តែការជួសជុលនេះធ្វើឡើងតែប្រវែង១៨៣ម៉ែត្រប៉ុណ្ណោះ ដោយត្រូវពង្រីកតួស្ពានធំជាងមុន។ លោកបន្តថា ដំណើរការជួសជុលស្ពានឈើបានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលខុសត្រូវលើបច្ចេកទេសជួសជុល រីឯក្រុមហ៊ុនខាំសាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារៈ។
លោកបណ្ឌិតរដ្ឋា បន្តទៀតថា ការជួសជុលនេះធ្វើឡើងក្នុងបំណង ការពារសុវត្ថិភាពអ្នកទស្សនាដែលកើនឡើងជាលំដាប់ ការពារមិនឱ្យទេសចរចុះជាន់លើថ្ម នាំឱ្យរអិល ឬធ្លាក់នាំគ្រោះថ្នាក់ដល់ខ្លួន ហើយប៉ះពាល់ដល់ថ្មប្រាសាទ និងសម្រួលការធ្វើដំណើរជៀសគ្នាថែមទៀត។ ចំពោះការសាងសង់វិញ ក្រុមការងារបុរាណវិទូ និងស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ និងសិក្សាយ៉ាងល្អិតល្អន់ទាំងប្លង់ រួមទាំងបញ្ជៀសហានិភ័យផ្សេងៗដល់ថ្មប្រាសាទ ដោយការមិនជីកដីដាំសសរបើកន្លែងប៉ះថ្ម គឺប្រើសំបកកង់ឡានទ្រាប់ពីលើ ជៀសវាងការកកិត។ ដោយឡែកសម្រាប់ស្ពានចាស់ដែលមានទំហំសមល្មម និងមានភាពមាំទាំនៅឡើយ ក៏ក្រុមការងារបន្តការយកចិត្តទុកដាក់ថែទាំ ពង្រឹងបន្ថែមទៀតដែរ។
សូមបញ្ជាក់ថាស្ពានឈើដែលជាសោភ័ណភាពមួយនៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តហូលីវូដ បានសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើស្ពានឈើចូលទៅក្នុងប្រាសាទ សម្រាប់ជញ្ជូនសម្ភារៈក្នុងការថតភាពយន្ត និងជួយផ្សព្វផ្សាយដល់ទេសចរឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទពេលដើរទស្សនា ហើយមើលឃើញពីប្រយោជន៍នៃស្ពានឈើនេះ អាចសង្គ្រោះដល់ប្រាសាទផងនោះ អាជា្ញធរជាតិអប្សរាក៏បានបន្តពង្រីកធ្វើស្ពានឈើនេះជាបន្ត ភ្ជាប់ជាមួយស្ពានចាស់រហូតមកសព្វថ្ងៃ៕ ជា ស្រស់









