សៀុមរាប ៖ អាជ្ញាធរអប្សារា បានទទួលមូលនិធិប្រមាណជាង ២៤៧លានរៀល ស្មើនឹងប្រមាណជាង៦ម៉ឺនដុល្លារ អាមេរិក
ពីក្រុមហ៊ុនថៃសាសុងអេឡិចត្រូនិក ដើម្បីយកទៅអភិវឌ្ឍវិស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាននៅតំបន់ សៀមរាប អង្គរ រួមទាំងការងារផ្សេងៗទៀតតាមទិសដៅរបស់អាជ្ញាធរអប្សារា។
លើកឡើងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង អាជ្ញាធរអប្សារានិងក្រុមហ៊ុនថៃសាមសុង នៅរសៀលថ្ងៃទី២០
ខែមិថុនា ឆ្នាំ២០១៨នេះ លោក សឹងហូ ឆយ (Seungho Choi ) អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ឱ្យដឹងថា ថវិកាទាំងនេះបានមកពីមូលនិធិ នៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យា នឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀល រាល់ការលក់ផលិតផល០១គ្រឿង។ លោកបន្តថា ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជន តាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ និងនៅលើផ្ទាំងមុខនៃទូរស័ព្ទដៃម៉ាក J3 J5 និង J7 សេរី2016 ក្នុងចេតនា បំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជា។ រហូតមកទល់ពេលនេះ ផលិតផល Samsung Galaxy “J” បានលក់សំរេចអស់ពីលើទីផ្សារប្រទេសកម្ពុជា ហើយបានសំរេចចិត្តបិទបញ្ចប់ មូលនិធិខាងលើនេះ។
ចំណែក ឯកឧត្តម សុខ សង្វារ អគ្គនាយករង អាជ្ញាធរអប្សរា បានមានប្រសាសន៏ថា ក្នុងនាមអាជ្ញាធរអប្សរាជាតិ សូមថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានបង្កើតគម្រោងនេះឡើង។ យើងរីករាយក្នុងការទទួលយកមូលនិធិ នេះ នឹងប្រើប្រាស់មូលនិធិនេះសំរាប់កិច្ចការងារ ថែទាំប្រាង្គប្រាសាទឱ្យបានល្អប្រសើរ។
លោកបន្តថា កន្លងមកក្រុមហ៊ុនស្មាតហ្វូនធំជាងគេនេះ បានសំរេចចិត្តបង្កើតកម្មវិធីល្អៗ ដើម្បីសង្គមកម្ពុជា ហើយសុំ អំពាវនាវដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាក្រុមហ៊ុនដ៏ទៃផ្សេងទៀតបន្តនូវកម្មវិធីនេះ ឫ កម្មវិធីសង្គមផ្សេងៗ ជាបន្តទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។
លោកបញ្ជាក់ថា ក្រៅពីសកម្មភាពសង្គមខាងលើ សាមសុង ធ្លាប់បានចូលរួម ក្នុងការជួយសង្គមជាតិជាច្រើន ដូចជា
ការបរិច្ចាកឈាម យុទ្ធការចែកមួកសុវត្ថិភាព, Love & Care និងវគ្គបណ្តុះបណ្តាល Tech Institute ដល់យុវជន កម្ពុជាផងដែរ៕
(អត្ថបទ៖ ឈួន សំអាត រូបភាព ប៊ុន ចាន់ពិសិដ្ឋ)








