ខេត្តកណ្តាល៖ ការចាប់ខ្លួនសង្ឃក្លែងក្លាយខាងលើ ធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពី សង្ឃអង្គនោះ បានទូរស័ព្ទទៅប្រជាពលរដ្ឋសុំបិណ្ឌបាត្របច្ច័យ ដោយឱ្យផ្ញើរតាមវីង ដើម្បីយកកសាងសមិទ្ធិផលក្នុងវត្ត “វិហារកោះអណ្តែត” ជាច្រើនដង និងបានពោលពាក្យមិនគប្បីជាអ្នកបួស ថែមទាំងប្រមាថដាក់ទំនាយទៀតផង ។
មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ជនដែលបន្លំធ្វើជាព្រះសង្ឃខាងលើ ឈ្មោះពិតប្រាកដ ប៉ោង វិត ឆ្នាំកំណើត ១៩៩៧ មានស្រុកកំណើត ភូមិស្យា ឃុំ-ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឪពុកឈ្មោះ ចេង ប៉ោង (ស្លាប់) ម្តាយឈ្មោះ ស្រី លាង (កសិករ) រស់នៅភូមិ ឃុំទួលតាឯក ក្រុង ខេត្តបាត់ដំបង បានបួសជាព្រះសង្ឃគង់នៅវត្ត “សូរិយា” នៅសង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១០ ក្រោយមកបានមកគង់នៅវត្ត “បុទុមវត្តី” ភ្នំពេញ រយៈពេល០៦ឆ្នាំ ចេញមករៀនបន្ត នៅវត្ត “ពោធិ៍វាល” ខេត្តបាត់ដំបង រួចចេញពីនោះ មកគង់នៅវត្ត “ទេពសន្យា” ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ ២០១៨ មុនចូលឆ្នាំខ្មែរ។ ក្រោយចូលឆ្នាំខ្មែរ មកគង់នៅវត្ត “សារ៉ាវ័ន្ត” បន្ទាប់មកចេញមកវត្ត “ពុទ្ធមណ្ឌល” បានមួយរយៈ ក៏បានមកគង់នៅវត្ត “វិហារកោះអណ្តែត” ស្ថិតក្នុងភូមិភ្នំបាត ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រអាវុធហត្ថដដែល បានឱ្យដឹងបន្ថែមថា នៅថ្ងៃទី ១៤-១៥-១៦ សង្ឃក្លែងក្លាយរូបនោះ បានទូរស័ព្ទទៅប្រជាពលរដ្ឋ សុំបិណ្ឌបាត្របច្ច័យយកទៅកសាងសមិទ្ធិផលក្នុងវត្ត “វិហារកោះអណ្តែត” ពេលនោះជនរងគ្រោះ បានឆ្លើយតបវិញថា បានផ្តល់ជាបច្ច័យ ម្តងជាពីរដងរួចហើយ ពុំមានលទ្ធភាពផ្តល់បច្ច័យទៀតទេ សូមព្រះអង្គកុំទូរស័ព្ទមកទៀត តែព្រះសង្ឃ អង្គនោះ នៅតែជ្រក់ជ្រេញបន្តទូរស័ព្ទជនរងគ្រោះជាច្រើនលើកច្រើនសារទាំងយប់ទាំងថ្ងៃ រកពេលសម្រាកគ្មាន។ ដោយមានការធុញទ្រាន់ និងមានកិច្ចការច្រើនផង ជនរងគ្រោះក៏បានប្តឹងមកជំនាញអាវុធហត្ថខេត្តកណ្តាលតែម្តង ។
នៅក្នុងការសារសងតាមទូរស័ព្ទ ព្រះសង្ឃក្លែងរូបនោះបានពោលពាក្យមិនគប្បីជាអ្នកបួសរៀនទេ និងបានប្រមាថដាក់ ទំនាយមកលើជំនាញទៀតផង។ ដោយយល់ឃើញថា ពាក្យសម្តីមិនសមរម្យបែបនេះ ធ្វើឲ្យមានការសង្ស័យ មន្ត្រីជំនាញ អាវុធហត្ថខេត្ត បានធ្វើការស្រាវជ្រាវ និងធ្វើការទំនាក់ទំនងជាមួយព្រះចៅអធិការវត្តព្រះនាម ឈឹម សុផល គង់នៅវត្ត “វិហារកោះអណ្តែត” នៅស្រុកពញាឮ ខេត្តកណ្តាល រហូតបានដឹងថា ព្រះសង្ឃអង្គនោះគង់នៅក្នុងវត្តនោះ ក៏បានឃាត់ខ្លួន យកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលតែម្តង ។
នៅចំពោះមុខជំនាញអាវុធហត្ថខេត្តកណ្តាល សង្ឃក្លែងក្លាយរូបនោះបានសារភាពថា រយៈកាលប៉ុន្មានខែមុន “ខ្ញុំបានមក ផ្ទះជនរងគ្រោះ ហើយទំនាក់ទំនងបានជួបគាត់ដោយផ្ទាល់ សុំបិណ្ឌបាត្របច្ច័យពីគាត់បានចំនួន២០០ដុល្លា ក្រោយមក បាន៥០ដុល្លាទៀត តាមរយៈ “វីង”។ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះជាថ្មីទៀត សុំបិណ្ឌបាត្របច្ច័យកសាងរោងបាយនៅក្នុងវត្ត “វិហារកោះអណ្តែត” ពេលនោះជនរងគ្រោះមិនបានឆ្លើយតបទេ ខ្ញុំនៅតែ ទូរស័ព្ទទៅគាត់ជាច្រើនលើកច្រើនសារម្តងហើយម្តងទៀត រហូតដល់គាត់បានប្រាប់ខ្ញុំទាក់ទងទូរស័ព្ទជាមួយកូនចៅរបស់ គាត់វិញ។ បន្ទាប់ពីទាក់ទងជាមួយកូនចៅគាត់ហើយ កូនចៅគាត់នោះបានឲ្យខ្ញុំមកយកបច្ច័យចំនួន២០០ដុល្លា នៅផ្ទះគាត់ ប៉ុន្តែខ្ញុំបដិសេធមិនទៅទេ ឲ្យផ្ញើតាម “វីង” មកព្រោះខ្ញុំធ្លាប់ត្រូវបានគេម្នាក់ (មិនបញ្ចេញឈ្មោះ) ហៅខ្ញុំទៅយកប្រាក់បច្ច័យ ដូចគ្នា ហើយបានហៅសមត្ថកិច្ចមកឃាត់ខ្ញុំតែម្តង ហេតុដូចនេះទើបខ្ញុំមិនហ៊ានមកយកនៅផ្ទះគាត់។
ចំពោះការសុំបច្ច័យពីជនរងគ្រោះ គឺខ្ញុំបានទូរស័ព្ទទៅរកគាត់ផងនិងកូនចៅរបស់គាត់ផងរាល់ថ្ងៃរាល់ម៉ោងរាល់ពេល គឺនៅ ថ្ងៃទី១៤.១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់មកក៏មានសមត្ថកិច្ចអញ្ជើញរូបខ្ញុំមកសាកសួរតែម្តង។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើការទំនាក់ទំនងទៅមន្ទីរធម្មការក្រុងតាខ្មៅ ដើម្បីសាកសួរព័ត៌មាន និងបានឲ្យដឹងថា ព្រះសង្ឃព្រះនាម ប៉ោង វិត នេះត្រូវបានគណៈកម្មាការធម្មការខេត្តពោធិ៍សាត់ បានផ្សឹករួចទៅហើយ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ មូលហេតុ ដើររៃអង្គាសបច្ច័យដោយគ្មានការអនុញ្ញាតិពីព្រះចៅអធិការ និងមានស្រីញីទៀតផង ការផ្សឹកនេះធ្វើឡើងតាម សេចក្តីជូនដំណឹងរបស់សាលាគណរាជធានីភ្នំពេញ ហើយថ្មីៗនេះបុគ្គលឈ្មោះ ប៉ោង វិត បានមកឆបោកប្រាក់ ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ដោយតាំងខ្លួនជាព្រះសង្ឃដដែល។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជំនាញបានប្រគល់បុគ្គលឈ្មោះ ប៉ោង វិត ទៅឲ្យលោក ហ៊ីង សុភាព ប្រធាន ការិយាល័យធម្មការ និងសាសនាក្រុងតាខ្មៅ ជាមួយនឹងព្រះតេជគុណ ខេង លាងហ៊ី លេខាអនុគណក្រុងតាខ្មៅ ដើម្បីយក ទៅសាកសួរ និងចាត់ចែងតាមពុទ្ធវិន័យ ដោយផ្សឹក និងឲ្យធ្វើកិច្ចសន្យា នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ ស្ថិតក្នុងភូមិ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ ដោយ ដាំ ជា











