ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រត្តិការអន្តរជាតិ បានថ្លែងកោតសរសើដល់មេដឹកនាំអាស៊ានដែលបានពុះពារការលំបាកគ្រប់បែបបយ៉ាងសម្រេចបានជោគជ័យដ៍ធំធេង ក្នុងរយៈពេល៥៦ឆ្នាំមកនេះ បើទោះជានៅមានបញ្ហាប្រឈមមូយចំនួនត្រូវរួមគ្នាដោះស្រាយក្តី។
ការថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៦ឆ្នាំ នៃការបង្កើតអាស៊ា នៅទីស្តីការក្រសួងការបរទេស ដែលមានទូតនានាប្រចាំនៅកម្ពុជាប្រមាណ២០០នាក់អញ្ជើញចូលរួម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អាស៊ានជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងរួមគ្នាដោយប្រទេសជាសមាជិកនិងមានច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញអាស៊ានជាគោលដែលសមាជិកទាំងអស់ត្រូវគោរព។ឯកឧត្តមបានលើកឡើងថា ឆ្លងកាត់ការលំបាកនិងឧបសគ្គ ព្រមទាំងការប្រឈមទាំងភូមិសាស្រ្តនយោបាយ និងសេដ្ឋ កិច្ច និងបញ្ហាសង្រ្គាមត្រជាក់ ហើយដោយមានមេដឹកនាំមានផែនការច្បាស់លាស់ ខិតខំប្រឹងប្រែងទើបអាស៊ានមានភាពរីកចំរើនរហូតដល់ពេលនេះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបានដឹកនាំកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០២២ទទួលបានជោគជ័យដោយសារតែមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ដៃគូអាស៊ាននានា។
ក្រៅពីនេះនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានមានការលំបាកមួយចំនួន ដែលកម្ពុជាប្រឈមនោះ ដូចបញ្ហាមីយ៉ាន់ម៉ា,បញ្ហាសមុទ្រចិនខាងត្បូង,បញ្ហាសង្រ្គាមអ៊ុយក្រែននិងរុស្ស៊ីជាដើម។
គួររំលឹកថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលពេលនោះមានសមាជិក៥ប្រទេស (ថៃ,ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី,សិង្ហបូរីនិងហ្វីលីពីន)។
ហើយក្រោយមកប្រទេសចំនួន៥ផ្សេងទៀតបានចូលជាសមាជិកអាស៊ាន (វៀតណាម,ឡាវ, កម្ពុជា, មីយ៉ាន់ម៉ានិងប្រ៊ុយណេ)រហូតដល់ពេលនេះប្រទេសទីម័រឡេស្តេបានចូលជាសមាជិកទី១១។
ក្នុងខែធ្នូ ឆ្នាំ២០១៥ សមាគមអាស៊ានបានពង្រីកខ្លួនកាន់តែធំឡើងក្លាយជាសមាគមទៅជាសហគមន៍អាស៊ាន ខណៈដែលដៃគូរបស់ខ្លួនមានកាន់តែច្រើនឡើងៗ។
អាស៊ានបានក្លាយទៅជាទីផ្សារសេដ្ឋកិច្ចដ៍ធំមួយរបស់ពិភពលោក និងតំបន់ ខណះដែលកំណើនសេដ្ឋកិច្ចនៃសហគមន៍មួយនេះកំពុងងើប ឡើងបន្តបន្ទាប់ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ៕
ដោយះ សំអាតនិង ពិសិដ្ឋ






