នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cheong In-kyo រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងមានភាពធន់ទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហការ ជាពិសេស ក្នុងការពង្រឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញភាពជោគជ័យនៅពេលខាងមុខ៕






