ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អូស្ត្រាលីប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្រ្តាលី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ការលើកឡើងនេះ គឺក្នុងពេល ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារឯកឧត្តម Pablo Kang ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហ ប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងអូស្រ្តាលី (ACCC)។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាងអគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។



ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ដែលជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិ បត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ក្នុងឆ្នាំ ២០២២៕