
នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវប្រគល់ជូន តាមរយៈឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់បណ្ណាល័យកំពង់ស្ពឺ និងសិស្សមានជីវភាពលំបាក ក្នុងខេត្តកំពង់ស្ពឺ។
អំណោយដែលធ្វើការប្រគល់នាឱកាសនេះ រួមមាន៖ កុំព្យូទ័រលើតុចំនួន ៨គ្រឿង ម៉ាស៊ីនព្រីនធ័រ/ស្កេន័រ ៤គ្រឿង និងកង់ចំនួន ១០០គ្រឿង។
ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។
នៅទីនោះ ឯកឧត្តមបានសិក្សាស្វែងយល់ និងកសាងទំនាក់ទំនងយ៉ាងល្អជាមួយភាគីចិន។
ក្រោយត្រឡប់មកកម្ពុជាវិញ ឯកឧត្តមបានបន្តទំនាក់ទំនងល្អជាមួយស្ថានទូតចិននៅកម្ពុជា រហូតដល់ទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។
ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជន ទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំង ស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសសិស្សានុ សិស្ស ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្រ្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិន ជាពិសេសឯកឧត្តម គង់ ច័ន្ទវាសនា ដែលបានសម្របសម្រួលក្នុងការបញ្ជូនអំណោយ ដែលមានសារៈសំខាន់សម្រាប់វិស័យអប់រំ និងបានជួយសម្រាលការលំបាកដល់ប្អូនៗសិស្សានុសិស្សដែលពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ភាគីចិននឹងបន្តការឧបត្ថម្ភដល់ខេត្តកំពង់ស្ពឺរបស់យើងជាបន្តបន្ទាប់ទៀត។



