អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានហ្វា (Fars) បានរាយការណ៍ កាលពីថ្ងៃពុធថា អាជ្ញាធរអ៊ីរ៉ង់ បានចាប់ខ្លួនជនបរទេសចំនួន១៤នាក់ ជុំវិញភាពចលាចល ដែលបានធ្វើឱ្យកក្រើកប្រទេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការស៊ើបអង្កេតបង្ហាញថាពលរដ្ឋ នៃប្រទេសចំនួន១៤ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី អូទ្រីស បារាំង ចក្រភពអង់គ្លេស និងអាហ្វហ្គានីស្ថាន ត្រូវបានចាប់ខ្លួននៅក្នុងកុប្បកម្មថ្មីៗនេះនៅក្នុងប្រទេសនេះ ដែលក្នុងនោះមានសញ្ជាតិអាហ្វហ្គានីស្ថានមានចំនួនច្រើនបំផុត។
សារព័ត៌មាននេះ មិនបាននិយាយថាតើពួកគេរួមបញ្ចូលជនបរទេសប្រាំបួននាក់ ដែលក្រសួងស៊ើបការណ៍សម្ងាត់ របស់អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រូវបានចាប់ខ្លួនសម្រាប់តួនាទីរបស់ពួកគេក្នុងការតវ៉ាប្រឆាំងនឹងការស្លាប់របស់ម៉ាសាអាមីនី (MahsaAmini) ជាស្ត្រីវ័យក្មេងដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌របស់ប្រទេសអ៊ីរ៉ង់នោះទេ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






