បន្ទាយមានជ័យ ៖ អ្នកជំងឺគ្រុនឈីក ចំនួន ៤នាក់ នៅក្រុងប៉ោយប៉ែត ត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈពលរដ្ឋ ៥៦នាក់ទៀត ក្នុងនោះមានកុមារ ២៨នាក់ផង កំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នៅឡើយ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។
អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល បានបញ្ជាក់នៅថ្ងៃនេះថា អ្នកជំងឺគ្រុនឈីក ទាំង ៥៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ មានប្រុស ២០នាក់ និងស្រី ៣៦នាក់សរុប ៥៦នាក់ ក្នុងនោះមានក្មេងប្រុស ១២នាក់ និងក្មេងស្រី ១៦នាក់។
សូមជម្រាបថា អ្នកជំងឺគ្រុនឈីក ឡើងកម្តៅពី ៣៩ ទៅ ៤០អង្សាសេ។មានស្នាមកន្ទួលក្រហមលើស្បែក អ្នកជំងឺអាចខ្សោះជាតិទឹក ដោយសារក្អួត ហើយសាច់ដុំចុះខ្សោយ ហើមប្រអប់ដៃ ប្រអប់ជើង ឈឺសន្លាក់ម្រាមដៃ ម្រាមជើង ឈឺក្បាលខ្លាំង ឈឺចង្កេះ អស់កម្លាំងខ្លាំង ជាដើម។ គ្រុនឈីក អាចឱ្យអ្នកជំងឺឈឺរយៈពេលពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ ទើបជាធូរស្បើយ។
តាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីក (CHIK) បណ្ដាលមកពីវីរុសឈីគុនហ្គុនយ៉ា (Chikungunya Virus = CHIKV)។
ជំងឺនេះឆ្លងតាមរយៈមូសខ្លាខាំ ហើយមិនទាន់មានថ្នាំព្យាបាលជាក់លាក់ទេ ប៉ុន្តែគ្រូពេទ្យអាចព្យាបាលអ្នកជំងឺដាក់ថ្នាំតាមរោគសញ្ញា៕






