អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នេះ។ បើទោះជាមានការទទួល ស្គាល់តិចតួចស្តីអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន សេចក្តីថ្លែង ការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។ អ្នកនាំពាក្យសូមផ្តល់នូវការកត់សំគាល់មួយចំនួនលើសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក វិទិត មុនតាប៊ន ដូចតទៅនេះ៖
១.ការដែលអ្នករាយការណ៍ពិសេសបានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នករិះគន់រាជរដ្ឋាភិបាល ជាសាក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាអនុញ្ញាតឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេសបានជ្រើសរើសធ្វើអន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន ទន្ទឹមនិងនេះរើសអើងចំពោះគណបក្សជាច្រើនផ្សេងទៀត។ ដូចគ្នានេះដែរ មានតែអង្គការក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងត្រូវបានគេស្គាល់ថាជាអង្គការធ្វើនយោបាយយ៉ាងសកម្មមួយក្តាប់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកិច្ចសន្ទនា។ វិធីសាស្ត្របែបនេះមិនអំណោយផលដល់ការវាយតម្លៃអង្គហេតុប្រកបដោយវិជ្ជាជីវៈ មិនលំអៀង និងដល់ការរក្សាទំនុកចិត្តជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នោះឡើយ។
២.បើទោះជារាជរដ្ឋាភិបាលបានផ្តល់នូវកិច្ចសហប្រ តិបត្តិការយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ អ្នករាយ ការណ៍ពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការ «ពិចារណានូវរាល់ធាតុចូលរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់» រួមទាំងធាតុចូលរបស់រាជរដ្ឋាភិបាល និងក្នុងការ «ធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។ សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្ម របស់ លោក វិទិត មុនតាប៊ន មិនបានលើកអំពីអង្គហេតុនិងអង្គច្បាប់ដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យ ទាក់ទងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះឡើយ។
៣.ការរិះគន់ម្តងហើយម្តងទៀតរបស់អ្នករាយការណ៍ពិសេស ជុំវិញការគ្របគ្រងដោយឯកបក្ស គឺមិនសមហេតុផល និងមានភាពលម្អៀង។ ការពិតនោះគឺ អំណាចត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដោយអ្នកបោះឆ្នោតដែលបានជ្រើសរើសគណបក្សកាន់អំណាចដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោ បាយ និងការអភិវឌ្ឍប្រកបដោយចីរភាព បើទោះបី ជាមានការអំពាវនាវឲ្យធ្វើពហិការការបោះឆ្នោតដោយក្រុមដែលចង់ឲ្យមានការផ្លាស់ប្តូរផ្ទុយ ពីលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។ ការជ្រើសរើសរបស់ប្រជាជនត្រូវតែទទួលបានការគោរពទាំងអស់គ្នា។ រាជរដ្ឋាភិបាលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដើម្បីអនុវត្តពហុបក្សនិយមផងដែរ។ នាពេលថ្មីៗនេះ ការដែលគណបក្សចំនួនប្រាំបួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាសក្ខីភាពមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងពហុបក្ស។
៤.ការទាមទាររបស់អ្នករាយការណ៍ពិសេស ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ សមាសភាព ពហុបក្សនាពេលបច្ចុប្បន្ននៃស្ថាប័នធម្មនុញ្ញនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាធ្វើកំណែទម្រង់ រវាងគណបក្សដែលមានអាសនៈក្នុងសភាកាលពីឆ្នាំ២០១៥ ។ សមាជិក គ.ជ.ប. មិនពាក់ព័ន្ធនិងនយោបាយ ព្រមទាំងត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ លើកលែងតែអ្នកដែលបានលាលែងពីតំណែងដើម្បីបំពេញចិត្តគណបក្សនយោបាយដែលតែងតាំងពួកគេ និងត្រូវបានរំលាយ តែប៉ុណ្ណោះ។
៥.ការស្រែកទាមទារជាច្រើនលើកច្រើនសាររបស់អ្នករាយការណ៍ពិសេស គឺពោរពេញទៅដោយភាពផ្ទុយគ្នា។ តួយ៉ាង ខណៈពេលដែលស្នើឲ្យរដ្ឋាភិបាល «អនុវត្តច្បាប់ផ្សេងៗទាក់ទងនឹងទូរគមនាគមន៍ ដើម្បីកំណត់អត្តសញ្ញាករណីឆបោក» និង «អនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការស៊ើបអង្កេតករណីទាំងនោះ» អ្នករាយការណ៍ពិសេសបែជា ទទូចឲ្យលុបចោលអនុក្រឹត្យទាក់ទងនឹងទូរគមនាគមន៍ដែលមានគោលបំណងរារាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងប្រមូលចំណូលជាតិទៅវិញ ។ ដៃម្ខាង អ្នករាយការណ៍ពិសេសទាមទារឲ្យមានគណនេយ្យភាពនិងតម្លាភាព រួមទាំងការលាតត្រដាងអំពីហិរញ្ញប្ប- ទានយុទ្ធនាការបោះឆ្នោត ប៉ុន្តែដៃម្ខាងទៀត រិះគន់ច្បាប់អង្គការមិនមែនរដ្ឋាភិបាលចំពោះការបញ្ចូលគោលការណ៍សំខាន់ៗស្ដីពីការផ្តល់មូលនិធិ និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះភាពជាដៃគូក្នុងន័យស្ថាបនាជាមួយសង្គមស៊ីវិល តាមរយៈការរៀបចំវេទិការពីរដងក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់ពួកគេ។
៦.អ្នករាយការណ៍ពិសេស មិនបានលើកឡើងដោយលម្អិតអំពីអ្វីដែលហៅថាការកាត់ក្តីដោយទ្រង់ទ្រាយធំនោះទេ។ ការពិតបញ្ហានេះមានពាក់ព័ន្ធទៅនឹងការអំពាវនាវឱ្យមានការងើបបះបោរឡើងជាថ្នូរនឹងការផ្ដល់ប្រាក់ ជាទង្វើដែលត្រូវបានគេថ្កោលទោសគ្រប់ៗគ្នា។ មេខ្លោងបំផុសបំផុលនេះ ត្រូវបានទទួលការថ្កោលទោសពីសំណាក់អ្នករាយការណ៍ពិសេសរូបមុននៃក្រុមប្រឹក្សានេះ ចំពោះពាក្យប្រមាថនិងការញុះញង់ឱ្យផ្ដួលរំលំរដ្ឋាភិបាលជ្រើសរើសដោយប្រជាជន។
៧.ពាក់ព័ន្ធទៅនឹងបញ្ហាមណ្ឌលកែប្រែ អ្នករាយការ ណ៍ពិសេសបានគូសបញ្ជាក់ពីតម្រូវការដើម្បីធានាឱ្យបាននូវការចូលសាកសួរសុខទុក្ខដោយពេញលេញពីក្រុមគ្រួសារ និងមានខ្យល់ចេញចូលសម្រាប់ដកដង្ហើម ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលបានចេញបទបញ្ជាផ្លូវការមួយ ដើម្បីធានារយៈពេលសាកសួរសុខទុក្ខឱ្យកាន់តែយូរសម្រាប់គ្រួសារសាច់ញាត្តិ ព្រមទាំងអនុញ្ញាតឱ្យយកចូលនូវម្ហូបអាហារ ឱសថ និងការផ្គត់ផ្គង់ សម្ភារៈចាំបាច់ផ្សេងៗទៀត។ អាគារពន្ធនាគារកំពុងត្រូវបានជួសជុលកែលំអ ដើម្បីសម្របតាមច្បាប់ស្តង់ដារអប្បបរមាថ្មី ជាពិសេស នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ នេះ។ ដើម្បីដោះស្រាយបញ្ហាភាពចង្អៀតណែននៅក្នុងពន្ធនាគារ រាជរដ្ឋាភិបាលបានប្តូរការផ្តោតការយកចិត្តទៅលើការងាររបស់គណៈកម្មាធិការជាតិស្តីពីការលើក លែងទោស និងការបន្ធូរបន្ថយទោស។ ក្រុមប្រឹក្សាលើកលែងទោសថ្នាក់ជាតិដែលបានបង្កើតឡើងនាពេលថ្មីៗនេះ កំពុងដំណើរការដើម្បីធានាឱ្យបាននូវវិធានការជំនួសការឃុំខ្លួន។
៨.សំណើរបស់អ្នករាយការណ៍ពិសេសស្នើឱ្យកម្ពុជាដំណើរការសកម្មភាពប្រឆាំងរឱ្យកាន់តែខ្លាំងខ្លាឡើងចំពោះករណីឆបោកតាមប្រព័ន្ធអ៊ិនធឺណិត និងការជួញដូរមនុស្ស ត្រូវបាននិងកំពុងដោះស្រាយជាយូរណាស់មកហើយ។ ក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ ៨៩០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈដែលជនសង្ស័យចំនួន ៨៣នាក់ ត្រូវបានកាត់ទោស។ ជាមួយនឹងការបង្កើតយន្តការផ្សេងៗទៀត នាពេលថ្មីៗនេះ រួមទាំង «គណៈកម្មាធិការដឹកនាំប្រតិបត្តិការ» រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការបង្ការ ទប់ស្កាត់ និងសង្គ្រោះឱ្យបានទាន់ពេលវេលា ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ភាគីពាក់ព័ន្ធទាំងអស់។
៩. កង្វល់របស់អ្នករាយការណ៍ពិសេសលើបញ្ហាដីធ្លី និងការផ្សារភ្ជាប់បញ្ហាជាមួយជនជាតិដើមភាគតិច បង្ករឱ្យមានការភ័ន្តច្រលំ និងមានភាពលម្អៀង។ អ្នករាយការណ៍ពិសេសទទួលបានព័ត៌មានមិនពិតពីក្រុមមួយចំនួន ដែលមិនបានបែងចែកឲ្យដាច់នូវដំណោះស្រាយនៃទំនាស់រវាងគម្រោងវិនិយោគសាធារណៈ និងគម្រោងអសាធារណៈ។ ជាងនេះទៀត រាជរដ្ឋាភិបាលបានផ្ដល់សារៈសំខាន់ចាំបាច់ចំពោះការធានាប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពសំរាប់ជនជាតិដើមភាគតិច។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពត្រូវបានប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចចំនួន៣៧សហគមន៍ គ្របដណ្តប់លើផ្ទៃដី ៣៨.៧១៨ ហិកតា។ ក្នុងនាមជាប្រទេសនាំមុខគេនៅក្នុងតំបន់លើបញ្ហានេះ កម្ពុជានៅតែប្តេជ្ញាចិត្តបន្តកម្មវិធីផ្តល់ ប័ណ្ណកម្មសិទ្ធិដីធ្លីព្រមទាំងជំនួយបន្ថែម ដើម្បីកែលម្អហេដ្ឋា រចនាសម្ព័ន្ធជនបទ ជីវភាព រស់នៅ និងទឹកស្អាតដល់សហគមន៍ជនជាតិដើមភាគតិចដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ។
សារុបសេចក្តី ជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង បីទោះជាមានការអំពាវនាវម្តងហើយម្តងទៀតពី រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏អ្នករាយការណ៍ពិសេសនៅតែបន្តខកខានមិនអើពើចំពោះការព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដែលកម្ពុជាកំពុងជួបប្រទះ ដូចជាការប្រើប្រាស់ពាក្យសម្តីអសុរស ការបង្កាច់បង្ខូច ការប្រឌិតព័ត៌មាន ការអុចអាលឱ្យមានការរើសអើងពូជសាសន៍ និងការញុះញង់ឱ្យមានការបះបោរក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ។ ចំពោះបញ្ហាអស់ ទាំងនេះអ្នករាយការណ៍ពិសេសនៅស្ងៀម ស្ងាត់ ដោយ មានហេតុផលជាក់លាក់។ កម្ពុជានៅតែតាំង ចិត្តមុតមាំក្នុងការបន្តការងារជាមួយដៃគូទាំងអស់ ដើម្បីលើក កម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់ៗ គ្នាក្រោមក្របខណ័្ឌនីតិរដ្ឋ និងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាមិនត្រលប់ក្រោយ ឈរលើ ពហុភាគីនិយម រួមទាំងការបោះឆ្នោតនៅឆ្នាំក្រោយ ដោយសេរី យុត្តិធម៌ ប្រកប ដោយ សណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព៕