ខេត្តព្រះសីហនុ ៖ អ្នករស់នៅទីក្នុងក្រុងព្រះសីហនុមួយចំនួន បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពគគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ ដែលមានថៅកែជនជាតិចិនជាអ្នកគ្រប់គ្រង។
ផ្តើមពីបញ្ហានេះ ពួកគេសំណូមពរដល់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធគ្រប់ជំនាញ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត ឲ្យជួយបង្កើនសកម្មភាពចុះត្រួតពិនិត្យ នៅតាមក្លឹបកម្សាន្តរាត្រី ដែលសង្ស័យមានការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន ក្នុងក្រុងព្រះសីហនុឲ្យបានច្រើនថែមទៀត។
ពលរដ្ឋមួយចំនួនរស់នៅក្នុងព្រះសីហនុ ក៏បានបង្ហាញការព្រួយបារម្ភថា បទល្មើសគ្រឿងញៀនដែលកំពុងធ្វើចរាចរណ៍នៅតាមក្លឹបកម្សាន្តរាំច្រៀង និងសណ្ឋាគារកាស៊ីណូ ដែលមានថៅកែជាជាតិចិន គឺសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធគ្រប់គ្រង មិនទាន់អាចគ្រប់គ្រងឲ្យបានល្អនោះទេ។ការព្រួយបារម្ភនេះបានកើតមាន បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សង្កេតឃើញថាកម្លាំងជំនាញនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តព្រះសីហនុ និងកម្លាំងកងរាជអាវុធហត្ថខេត្តជាដើម បានឆ្មក់ចូលបង្ក្រាបបទល្មើសសេព និងចរាចរណ៍លក់ដូរគ្រឿងញៀនបានជាច្រើនករណី នៅតាមទីតាំងកម្សាន្តរាំច្រៀង និងទីតាំងដែលជនជាតិចិនជួលសម្រាក់នៅ ហើយមានថៅកែជាជនជាតិចិនគ្រប់គ្រង មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បញ្ហានេះ ពលរដ្ឋទាំងអស់ បានសំណូមពរដល់កម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាដើម ឲ្យជួយបង្កើនសកម្មភាពចុះស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលកំពុងធ្វើចរាចរណ៍គគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តខារ៉ាអូខេ ឬក្លឹបឌីស្កូ ដែលមានថៅកែជាជនជាតិចិន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ឲ្យបានជាប្រចាំ ដូចភ្លៀងរលឹម ព្រោះបទល្មើសគ្រឿងញៀន ដែលធ្វើចរាចរណ៍នៅតាមក្លឹបរាត្រី នាទីប្រជុំជនក្រុងក្រុងព្រះសីហនុ មានព័ត៌មានមកថា បានបន្តធ្វើសកម្មភាពលួចលាក់ នៅតាមទីតាំងមួយចំនួន។
តាមការកត់សម្គាល់ក្នុងប៉ុន្មានខែចុងក្រោយនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យ បទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្តរាត្រីដែលគ្រប់គ្រងដោយជនជាតិចិនបានជាច្រើនករណី និងបានកសាងសំណុំរឿងបទល្មើខាងលើនេះ បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុបន្តនីតិវិធីតាមផ្លូវច្បាប់៕








