ភ្នំពេញ ៖ អាជីវករ លក់ដូរ សម្ភារៈសម្រាប់ បូជាថ្វាយ ចំពោះព្រះពុទ្ធសាសនា រួមមាន ទៀន ធូប ទេយ្យទាន និងសម្ភារៈផ្សេងៗ មុនពិធីបុណ្យចូលព្រះវស្សាមកដល់ឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនៗ ជាពិសេសទៀនព្រះវស្សា និងសំពតសាដក ចាប់ពីដើមខែកក្កដាមកនេះ អាចលក់បានពី៤០ទៅ៥០គូរក្នុង១ថ្ងៃៗ។
ម្ចាស់ហាង វិសាខា លោក សម ស៊ីណាន ដែលលក់នៅតាមបណ្តោយផ្លូវលេខ ១៤៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ចាប់តាំងពីចូលដល់ខែ ទុតិយាសាឍ ឬ ខែកក្កដានេះមក ការលក់ដូរសម្ភារៈគ្រឿងបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ក្នុងឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនៗ លោកពូរំពឹងថា ឆ្នាំនេះ លោកអាចលក់ទៀនព្រះវស្សា ឬ សំពត់សាដក បានពី៥០០ទៅ១០០០គូរ លើសពីឆ្នាំមុនៗ។
លោកពូបញ្ជាក់ថា ភាគច្រើន អ្នកទិញទៀនព្រះវស្សា ពួកគាត់តែងតែទិញ សំពត់សាដក ភ្ជាប់ជាមួយ ហើយម្នាក់ៗចូលមកទិញ មានអ្នកខ្លះទិញមួយគូរ ហើយក៏មានអ្នកខ្លះទៀត ទិញច្រើនគូរផងដែរ។ ដែលទៀនមួយគូរៗ មានតម្លៃចាប់ពី១៥ដុល្លាររហូតដល់ទៅ២០០ដុល្លារ ទៅតាមប្រភេទ និងទំហំរបស់ទៀន។ ហើយលក់ដាច់ជាងគេគឺទៀនដែលផលិតនៅក្នុងស្រុក មានទំហំចាប់ពី៧តឹក ដល់១ម៉ែត្រ៦០។
តាមទំនៀម ជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃ គ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោជ ទុតិយាសាឍ រហូតដល់ ថ្ងៃ ១៥កើត ខែអស្សុជ ទៅតាមព្រះបរមសាស្រ្តា នៃយើង ទ្រង់បានបញ្ញត្តិ ឲ្យមានកិច្ចចូលព្រះវស្សា។ ប៉ុន្តែសព្វថ្ងៃនៅកម្ពុជា ការចូលព្រះវស្សា មានកណត់ត្រឹមតែ៣ខែ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារ នៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀន ព្រះវស្សាឲ្យនៅឆេះជានិច្ច លើកលែងតែស្រុកទេស មានគ្រោះមហន្តរាយ ណាមួយកើតឡើង។
បើតាម ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះរាជាគណៈថ្នាក់ចត្វា ព្រឹទ្ធបុរសរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះចៅអធិការវត្ត ជេដ្ឋាឧត្តម បានមានថេរដិការឱ្យដឹងថា បុណ្យចូលព្រះវស្សាក៏ជាបុណ្យដ៏ធំមួយ ដែលអាចចាត់ទុកថា ជាបុណ្យដែលមានសារៈសំខាន់នៅក្នុងចំណោមបុណ្យផ្សេងៗ នៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ក៏បាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។
ព្រះញាណវិសុទ្ធិវង្សបន្ថែមថា ចំណែកឯទាយក ទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្ត ក៏ប្រារព្ធធ្វើបុណ្យចូលវស្សា ឬកាន់វស្សានោះផងដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់ សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដក ចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ៕ អត្ថបទ៖ ឈួន សំអាត















