ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា៖ ការងារគ្រប់គ្រងកម្លាំង ជាការងារដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការគ្រប់គ្រងកម្លាំងដែលមានស្រាប់តែម្តង។ កម្លាំងតិច ប៉ុន្តែត្រូវផ្តោតលើគុណភាពនៃការបែងចែកកម្លាំង។
ពិតណាស់ បរិមាណ និងគុណភាព គឺជាកត្តាមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ “គុណភាព នៃបរិមាណ”។ឯកឧត្តមបន្តថា ដោយឡែក“គុណភាព នៃបរិមាណ” គឺមិនសំដៅត្រឹមតែទៅលើសមត្ថភាពរបស់យោធិនម្នាក់ៗនោះទេ ប៉ុន្តែវាទាក់ទងជាចម្បងលើការចាត់តាំង គឺការចាត់តាំងឱ្យត្រូវហ្វឹកហ្វឺនឱ្យត្រូវ ដើម្បីធានាបាននូវ“គុណភាពនៃបរិមាណ”មួយដែលត្រឹមត្រូវ។
ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០ របស់កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៦ ខែមីនា។មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា៖ ការងារហ្វឹកហ្វឺនគឺជាការអាទិភាពចាំបាច់ ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជាប់ជាប្រចាំ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ។ ដូច្នេះការហ្វឹកហ្វឺន ព្រមទាំងការផ្ទេរបទពិសោធន៍ជាក់ស្តែង និងចំណេះជំនាញពីនាយទាហានជំនាន់មុន ក៏ជាកត្តាកំណត់មួយផងដែរ ដើម្បីធ្វើឱ្យនាយទាហានយើងខ្លាំង កងទ័ពយើងខ្លាំង។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះស្នាដៃនិងសមិទ្ធផលការងាររបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១ ដែលសម្រេចបាននៅក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី,ការថែរក្សាសន្តិភាពសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីម្ចាស់ការរឹងមាំ របស់អង្គភាព ទន្ទឹមនឹងការចូលរួមជួយឧបត្ថម្ភគាំទ្រមួយផ្នែករបស់អង្គភាពសម្ព័ន្ធមេត្រីភាព៕






