
ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកប្រភេទថ្មី ដែលត្រូវបានបង្កើតឡើងដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន (AVIC) បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននាពេលថ្មីៗនេះនៅក្នុងតំបន់ ប៉ូយ៉ាង ខេត្ត ជាងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន។ ក្នុងអំឡុងពេលនៃការហោះហើរលើកដំបូងរបស់ខ្លួន យន្តហោះ AR-500CJ បានបញ្ចប់វគ្គហ្វឹកហ្វឺនក្នុងការ ហោះហើរ ការចុះចត នៅតាមតំបន់ផ្សេងៗ បានយ៉ាងរលូន។ យន្តហោះនេះស្ថិតក្នុងស្ថានភាពល្អ ហើយប្រព័ន្ធទាំងអស់កំពុងដំណើរការជាធម្មតា ដោយសម្គាល់ការចូលជាផ្លូវការរបស់វា ទៅក្នុងដំណាក់កាលហោះហើរសាកល្បងចាប់ពីដំណាក់កាលរចនា និងផលិត។ AR-500CJ បង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវនៃ AVIC គឺជាកំណែអាប់ដេតនៃ AR-500BJ ដែលជាឧទ្ធម្ភាគចក្រគ្មានមនុស្សបើកទម្ងន់ស្រាល ដែលអាចប្រើសម្រាប់ទាំងកម្មវិធីយោធា និងស៊ីវិល ដូចជាការ ស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ។
បើប្រៀបធៀបជាមួយ AR-500BJ ការអនុវត្ត និងបេសក កម្មហោះហើររបស់ AR-500CJ ត្រូវបានកែលម្អយ៉ាងទូលំទូលាយតាមរយៈរបកគំហើញបច្ចេកវិទ្យា។យន្តហោះនេះនឹងឆ្លងកាត់ការហោះហើរសាកល្បងមុខងារ និងដំណើរការនៅក្នុងប្រទេសចិន ហើយនឹងត្រូវឆ្លងកាត់ការ វាយតម្លៃបច្ចេកទេសរបស់ខ្លួននៅឆ្នាំ ២០២៣ខាង មុខនេះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ


