
ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិទំព័រមាស ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់សាច់ញាតិកុមារារងគ្រោះ ខណៈដែលឪពុកខាងលើ ទប់កំហឹងមិនបានទាញរំពាត់វាយកូនប្រុសអាយុ០៧ឆ្នាំ រងរបួសស្នាមពេញខ្លួន។ កាលឃាត់ខ្លួនឪពុកចិត្តសាហាវនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះបុរសជាជនសង្ស័យ ក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា បុរសជាឪពុកចុងចិត្តសាហាវ វាយកូនតូចមិនញញើតដៃ ដែលនគរបាលឃាត់ខ្លួន មានឈ្មោះ លៀប អូនទូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពងស្ពឺ។
នគរបាលបាននិយាយអោយដឹងថា បានជានគរបាលឃាត់ខ្លួនបុរសជាឪពុកខាងលើនេះ ពាក់ព័ន្ធករណីហិង្សារក្នុងគ្រួសារ ដោយបានយករំពាត់វាយទៅលើកូនរបស់ខ្លួន ឈ្មោះ អ៊ីម ភក្ដី ភេទប្រុស អាយុ០៧ឆ្ នាំរៀនថ្នាក់ទី០២ រស់នៅជាមួយគ្នា បណ្ដាលរងរបួសពេញដងខ្លួន (កូនចុង)។
បើតាមការសារភាព របស់បុរសជាឪពុកចុងខាងលើនេះ បាននិយាយអោយដឹងថា កាលពីវេលាម៉ោង ០៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កូនប្រុសខាងលើកំពុងតែលេងជាមួយក្មេងតូចៗនៅក្នុងភូមិ ហើយឪពុកចុងខាងលើបានហៅកូនប្រើ និងហៅមកហូបបាយ ដោយសារក្មេងនៅតូចពេក រវល់តែលេងភ្លេចបាយ ភ្លេចទឹកនោះ ស្រាប់តែបុរសជាឪពុកចុងរូបនោះ បានទាញរំពាត់ ស្ទុះមកវាយមកលើក្មេងប្រុសតូចម្នាក់នោះ រងរបួសពេញខ្លួនតែម្តង។ បន្ទាប់មកសាច់ញាតិខាងប្រពន្ធ បានដាក់ពាក្យបណ្តឹង មកនគរបាលប៉ុស្តិឃុំទំព័រមាស អោយឃាត់ខ្លួនបុរសជាឪពុកចុងខាងលើតែម្តងទៅ។ បច្ចុប្បន្នបុរសជាឪពុកចុងចិត្តសាហាវរូបនេះ ត្រូវបាននគរបាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អ៊ុ ណូន