
ឯកឧត្តម Sudqi Atallah Abd Alkader Al Omoush ឯកអគ្គរាជទូតតែងតាំងថ្មី នៃចក្រភពហ្ស៊កដានីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានអបអរសាទរ ឯកឧត្តម Al Omoush ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតហ្ស៊កដានីប្រចាំអាស៊ាន ហើយទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអាស៊ាន និងហ្ស៊កដានី។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យហ្ស៊កដានី បន្តធ្វើការជាមួយអាស៊ាន ដើម្បីរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានក្នុងវិស័យដែលជាប្រយោជន៍ទៅវិញ ទៅមក រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ និងទេស ចរណ៍។
ឯកឧត្តម Al Omoush បានធ្វើការកោតសរសើរ និងទទួល ស្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់អាស៊ាន ក្នុងការជំរុញសន្តិភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងក្រៅតំបន់។
លើសពីនេះ គាត់បានបង្ហាញនូវការត្រៀមខ្លួនដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការស្វែងរកវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ ព្រមទាំងពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងហ្ស៊កដានី ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។ សូមជម្រាបជូនថា ហ្ស៊កដានី បានតែងតាំងឯកអគ្គរាជទូតដំបូងប្រចាំអាស៊ាន ក្នុងឆ្នាំ២០១៥។ គណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុង Amman ត្រូវបានបង្កើតជាផ្លូវការនៅខែមេសា ឆ្នាំ២០០៨ ក្នុងគោលបំណងជំរុញមុខមាត់ និងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយហ្ស៊កដានី នៅក្នុងប្រទេសម្ចាស់ផ្ទះ





