កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាការវិនិយោគ របស់អ្នកឧកញ្ញ៉ា ទៀ វិចិត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលម្សិលម៉ិញ ក្រោមវត្តមាន ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។
ឯកឧត្ដម ថោង ខុន បញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់បណ្តាកោះនានា។
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។
កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងទៀតថា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។
កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។
ឯកឧត្ដម គួច ចំរើន បានស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។
ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា កំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។
ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះនឹងមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើ និងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព៕






