ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល: រយៈពេល ៦ ខែ កម្ពុជាទទួលអ្នកដំណើរជិតពីរលាននាក់ ធ្លាក់ចុះ៦៨ ភាគរយ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន ១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន ២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
ការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN- CHINA Transport Ministers’ meeting on COVID-19) កាលពីរសៀលម្សិលមិញ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសា សន៍ថា៖ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ ប្រមាណថា មានកំណើនអវិជ្ជមាន៥,៥% នៅឆ្នាំនេះ ធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧% ក្នុងរយៈ ពេល២០ឆ្នាំចុងក្រោយនេះ។
វិស័យដែលរងផលប៉ះ ពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍ និងវិស័យកាត់ ដេរ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការ បង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់ បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិត ផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល ៥% នៅឆ្នាំ ក្រោយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋា ភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹក ជញ្ជូន និងភស្តុភារកម្មផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវិធាន ការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះអាសន្ន ដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ចំនួនបីចំណុច ទីមួយត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹក ទំនិញរបស់ប្រទេស នាំចូលនៅត្រង់ទីតាំងកំណត់មួយ ទីពីរត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទីបី កំណត់ចំនួនរថយន្តចេញ ចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការ កំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសដែលជាភាគីពាក់ព័ន្ធទាំងអស់សហការឲ្យបានជិតស្និទ្ធ មិនត្រូវចង្អុលដាក់គ្នា ឬស្ដីបន្ទោសគ្នាទៅវិញទៅមក ប៉ុន្តែចាំបាច់ត្រូវតែរួបរួមឯកភាពគ្នាជាធ្លុងមួយដើម្បីយកឈ្នះ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ឯ.ឧ ទេសរដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសដែលជាភាគីពាក់ព័ន្ធទាំងអស់សហការឲ្យបានជិតស្និទ្ធ មិនត្រូវចង្អុលដាក់គ្នា ឬស្ដីបន្ទោសគ្នាទៅវិញ ទៅមក ប៉ុន្តែចាំបាច់ត្រូវតែរួបរួមឯកភាពគ្នាជាធ្លុងមួយដើម្បីយកឈ្នះ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩៕
សំ វណ្ណា






