នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន បន្ទាប់មកបន្តចូលរួមក្នុងសម័យប្រជុំពេញអង្គ។
កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់អាស៊ាន និងជប៉ុន ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងនីតិរដ្ឋ និងវិស័យយុត្តិធម៌ តាមរយៈការអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការការងារស្តីពីច្បាប់ និងយុត្តិធម៌របស់អាស៊ាន-ជប៉ុន។






