
នៅព្រឹកថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាពិសេស លើប្រធានបទ “ស្នូលនៃកំណើន” នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៨ ដែលកំពុងប្រព្រឹត្តទៅនៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងសន្ទរកថានោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ានកំពុងតែត្រូវបានមើលឃើញកាន់តែខ្លាំងឡើងៗ ជាស្នូលនៃកំណើនសកល ហើយអាស៊ានមានសក្តានុពល និងកាលានុវត្តភាពយ៉ាង ច្រើនសម្រាប់ឱ្យប្រព័ន្ធផ្សព្វផ្សាយពង្រីកខ្លួន ដើម្បីចាប់យកឱកាសពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។





