នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការបោះពុម្ភសៀវភៅណែនាំ ស្តីពី “ការអនុវត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច នៅក្នុងអាស៊ាន និងកូរ៉េ ៖ ផ្លូវឆ្ពោះទៅរកនិរន្តរភាព”។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានទទួលស្គាល់ពីការបន្តគាំទ្ររបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចំពោះអាស៊ាន និងបានថ្លែងអំណរគុណចំពោះការបោះពុម្ពសៀវភៅណែនាំនេះ ដែលនឹងជួយគាំទ្រដល់ការចូលរួមរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ការអនុវត្តធុរកិច្ចបៃតង និងដោយទទួលខុសត្រូវ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។






