ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។
នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។
កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្រ្ត ចាប់ពីឆ្នាំ២០០២ ពោលគឺបន្ទាប់ ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១។
ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ។ គួរកត់សម្គាល់ថា ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។
ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅ សង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាមរតកលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលមានសម្ដេចក្រឡាហោម ស ខេង ជាសេនាធិការលើវិស័យមហាផ្ទៃ។
ដោយសារស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ នេះហើយ ទើបបានជានៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តបង្កើនការយកចិត្តទុកដាក់លើការបំពេញការ ងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍។
នេះបើតាមការបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ៕






