
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានមានប្រសាសន៍ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋា ភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិន ទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយ ដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញ ថា៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅ ឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។ គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមាន ការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោល ដៅទេសចរណ៍ឡើង វិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើង វិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញ ចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរ ណ៍។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា ក្រសួងទេស ចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្ត ផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម និងអ្នកគ្រប់ គ្រងទាំងអស់ ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឲ្យកាន់តែសុីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់ឲ្យអនុវត្តឲ្យ បានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ ការពារ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរនិងប្រជាពលរដ្ឋសហគមន៍ ពិសេសនៅពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាពេលខាងមុខ៕







