ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់ កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផល ប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។ ប៉ុន្តែ វាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សមួយក្រុមបែរជាងប់ងល់នឹងមនោគមន៍វិជ្ជាប្រឆាំងជ្រុលនិយមហើយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្លូវខុសដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុល សង្គមទៅវិញ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ស្ថានភាពបែបនេះ ទាមទារឱ្យពួកយើងទាំងអស់គ្នាត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គម និងប្រជាជន ចេញពីគ្រោះថ្នាក់នៃការបំពុលដោយសារព័ត៌មានមិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះពីព្រោះជាការងារដ៏សំខាន់ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋា ភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
លោក ហៀម ឃួន អភិបាលរងខេត្តពោធិសាត់ ក្រុម ការងារព័ត៌មាននិងនាំពាក្យខេត្តពោធិ៍សាត់ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមអភិបាល បានធ្វើការងារយ៉ាងសកម្មដើម្បីផ្តល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ ។ បន្ថែមលើនេះ ឯកឧត្តម រំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានយល់កាន់តែច្បាស់ថែមទៀតអំពីការងារព័ត៌មាន និងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាពនៃការងារ អនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំ ពាក្យ ក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទី ភារកិច្ច និងការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ទាំងការងារបុរេសកម្ម និងការពន្យល់បកស្រាយជូនប្រជាពលរដ្ឋជ្រាបអំពីការពិតដើម្បីការពារពួកគេកុំឱ្យរងការបំពុលដោយព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ គ្រប់ប្រភេទ៕






