អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផម រឹម បញ្ជាក់ថា អាកាសធាតុអំណោយផល ក្នុងការបន្តការស្ថាបនាត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោក យាយម៉ៅ នៃកំណាត់ផ្លូវលេខ៤៨។
ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។ ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណ:ការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះ កុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល (TAXI) និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថា ហេតុ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១ %ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕






