ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តមយឿន យឿត បានចេញសារថ្កោលទោសចំពោះជនអគតិដែលជាក្រុមបក្សពួករបស់គណបក្ស ភ្លើងទៀន បានដើរគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនថា បោះឆ្នោតឲ្យគណបក្ស នេះឬគណបក្សនោះគឺជាទង្វើនៃការរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើអង្គបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា។
ឯកឧត្តម យឿន យឿត បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋ ឯកឧត្តមតែងតែបានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភាក្នុងនោះបានសង្កេតឃើញ និងបានឮព័ត៌មានថា មានថ្នាក់ដឹកនាំរបស់គណបក្សនយោបាយមួយបាននិងកំពុងគំរាមកំហែងរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើកអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ខណៈការគំរាមកំហែង និងទង្វើរបស់ពួកអគតិទាំងនោះ វាផ្ទុយទៅនឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងផ្ទុយពីលទ្ធិប្រជាធិបតេយ្យជាដើម។
ឯកឧត្តម យឿន យឿត បានលើកឡើងថា«យើងពិតជាមានការសោកស្តាយចំពោះ ការលើក ឡើង និងសកម្មភាពរបស់ក្រុម ប្រឆាំងមួយក្តាប់តូច ជាពិសេសពួកគណបក្សភ្លើងទៀន បានធ្វើការគាប់សង្កត់ដល់អង្គបោះឆ្នោត និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃសិទ្ធបញ្ចេញមតិរបស់ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតដ៏សំខាន់នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាល ទី៥ ឆ្នាំ២០២៤នេះ ហើយយើងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ពួកអគតិទាំង នោះគឺជាការប្រឆាំងទៅនឹងនីតិវិធី ក៏ដូចជាគោលនយោបាយលើដំណើរការនៃការអនុវត្តនូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាបាននូវការគោរពសិទ្ធិមនុស្ស និងច្បាប់ផងដែរ»។
ជាមួយគ្នានោះដែរ ឯកឧត្តម យឿន យៀត ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាននូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យផងដែរ។ ឯកឧត្តមយឿន យឿត ក៏បានលើកឡើងផងដែរថា ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ក៏ដូចជាទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តមក៏បានសុំណូមពរដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះពួកអគតិទាំងនោះ ឬគណបក្សនយោបាយនោះ ដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបានតឹងរឹងបំផុតផងដែរ៕






