(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលមានជីវភាពខ្វះខាតស្បៀង នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ត្រូវបានឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅបរិវេណសាលាឃុំអូរបីជាន់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖អំណោយជាសម្ភារៈមួយចំនួនយកមកប្រគល់ជូននាពេលនេះស្របពេលដែលបងប្អូន មិនអាចចេញ ទៅធ្វើការកស៊ី ទទួលទាន ដោយសេរីបាន ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនិងការរាតត្បាតរបស់វី រុសកូវីដ-១៩ ដែលបង្កឲ្យប៉ះពាល់សុខភាពជាសកល នៅលើពិភពលោក។
ឯកឧត្តម បានបញ្ជាក់ថា៖អំណោយទាំងនេះវាមិនបានបំពេញនូវតម្រូវការរបស់ពួកបានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនដល់គាត់ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រា។
ហើយក្រៅពីនេះឯកឧត្តម អ៊ុំ រាត្រី ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែបង្កា ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងេជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សា ហើយគ្មានលទ្ធភាព អាចកម្ចីពីមូលនិធិរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បានដោយមិនមានគិតការប្រាក់ពីបងប្អូនឡើយ។
ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលមានជីវភាពខ្វះខាតស្បៀងក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២០គីឡូក្រាម,មី១កេស,ត្រខ១០កំប៉ុង,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ,ប្រេងឆា១លីត្រ,អំបិលអ៊ីយ៉ូត១គីឡូក្រាម,ស្ករសរ១គីឡូ,សារប៊ូដុំ៤ដុំ,ក្រមា១,មុង១,ភួយ១ និងកន្ទេល១។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ឯកឧត្តម លោកជំទាវ បានបន្តចុះសួរសុទុក្ខក្រុមការងារដែលប្រចាំការត្រួតពិនិត្យពលករដែលចេញមកពីប្រទេសថៃ នៅតំច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ និងបានឧបត្ថម្ភថវិការចំនួន៣០០ដុល្លា ក្នុងនោះឯកឧត្តម អភិបាលខេត្ត២០០ដុល្លា និងឯកឧត្តមលោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ១០០ដុល្លា ដល់លក្រុមការងារសម្រាប់បំពេញការងារផងដែរ៕





