
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យដំណើរការឡើងវិញក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពនៃការអនុវត្តក្នុងសាលា ដើម្បីធានាបានថា ការបើកដំណើរការសាលារៀនឡើងវិញ នេះពិតជាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមស្តង់ដាសុវត្ថិភាព SOP របស់ក្រសួងសុខាភិបាល អាចបញ្ចៀសនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយន្តការអនាម័យតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលការចូលរួមនេះជួយសម្រេចបាននូវសមិទ្ធិផលយ៉ាងល្អប្រសើរ។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ទោះបីកន្លងមកកម្ពុជា មានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែយើងមិនអាចបើកសាលារៀនទាំងប្រថុយប្រថានបានឡើយ ដោយសុខភាព និងអាយុជីវិតរបស់សិស្សានុសិស្ស ជាកត្តាដ៏ចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ ប្រកបដោយប្រសិទ្ធភាពភាព សុវត្ថិភាព ដោយបានណែនាំដល់មន្ទីរអប់រំ រាជធានីខេត្ត ការិយាល័យអប់រំ រដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន ចូលរួមសហការដើម្បីត្រៀមលក្ខណៈក្នុងការបើកដំណើរការសាលារៀនឡើងវិញនេះ៕







