គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលបានរកឃើញមានករណីជំងឺគ្រុនចាញ់ នៅកម្ពុជា ជាង ៧ពាន់ករណី ថយចុះប្រមាណ ៧០ភាគរយ និងគ្មានករណីស្លាប់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះថា «ជំងឺគ្រុនចាញ់ សរុប ៧ ០៦៣ករណី តែគ្មានអ្នកស្លាប់ទេ គឺថយចុះជាង ៧០% បើប្រៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន ២៣ ៣០២ករណី។
ពិសេសបំផុត គឺគ្រុនចាញ់ប្រភេទសន្ធំឆ្នាំ២០២០ មានតែ៧០០ករណីប៉ុណ្ណោះ បានថយចុះជាង៨០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន ៣ ២៦២ ករណី ឯណោះ។
សរុបមក កម្ពុជា នៅតែឈានទៅសម្រេចជោគជ័យលើសូចនាករឆ្នាំ២០២០ បើទោះជាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះនេះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារ និងមានសម្ភារៈគ្រប់គ្រាន់ដូចជាឧបករណ៍តេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បង្ហាញពីក្តីសង្ឃឹមថា នៅកម្ពុជា នឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ២០២៥ ខាងមុខនេះ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ បានកាត់បន្ថយករណីនេះ ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទៀតឡើយ៕





