ខេត្ដបន្ទាយមានជ័យ ៖ បញ្ហាការកែច្នៃកាត់ត និងតំឡើងរថយន្តខុសច្បាប់ គឺតែងតែបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពេលដែលអ្នកទិញយកមកប្រើប្រាស់នៅលើផ្លូវសារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត បានកំពុងធ្វើស កម្មភាពយករថយន្តនាំចូលគេចពន្ធ កាត់ជា២ ទៅ៣កំណាត់ យកមកតំឡើងនៅសិប្បកម្មមួយកន្លែងដោយខុសច្បាប់។
ទីតាំងសិប្បកម្មនោះមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។ ការបង្រ្កាបនេះក៏មានវត្ដមានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងកិច្ចប្រតិបត្តិការឆ្មក់ចូលទីតាំងនោះផងដែរ សមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យ និងដកហូតវត្ថុតាង រថយន្តម៉ាកតូយូតា លុចស៊ីស RX300 ពណ៌ខ្មៅ តភ្ជាប់រួច១គ្រឿង, រថយន្តម៉ាកតូយូតា ហាយឡិនឌ័រ តភ្ជាប់រួចពណ៌ស ១គ្រឿង, រថយន្តម៉ាកតូយូតាហាយព្រីត ឆ្នាំ២០០៧ ពណ៌ស្ក ដាច់ជាពីរ មិនទាន់តភ្ជាប់១គ្រឿង, ក្បាលរថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ គ្មានតួ១គ្រឿង, រថយន្តម៉ាកលុចស៊ីស RX300 ពណ៌ប៉ៃតង ១គ្រឿងតំឡើងរួច មិនទាន់ដាក់ពូកកៅអី, និងដកហូតសម្ភារៈពាក់ព័ន្ធនឹងការតំឡើងរថយន្ត មួយចំនួនផងដែរ។
តាមប្រភពព័ត៌មាន ពីនគរបាលផែនប្រឆាំងបទល្មើស បានប្រាប់ឱ្យដឹងថា ក្នុងកិច្ចការងារដែលកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃរថយន្តខុសច្បាប់ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការបង្ការទប់ស្កាត់ នៃការនាំចូលរថយន្តគេចពន្ធខុសច្បាប់ ក្នុងរូបភាពនាំចូលរថយន្តអេតចាយកាត់ជាពីរ ទៅបីកំណាត់ និងយកតំឡើងដោយខុសទៅនឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយការយកទៅប្រើប្រាស់ចំពោះរថយន្តកាត់តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស វាប្រឈមបញ្ហាគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋខ្លាំងផងដែរ។
នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្តឱ្យដឹងទៀតថា ទីតាំងសិប្បកម្មកែច្នៃ និងតំឡើងរថយន្តខុសច្បាប់ខាងលើ ក្រោយធ្វើការត្រួតពិនិត្យ និងដកហូតវត្ថុតាងជាក់ស្តែង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ និងបានបិទទ្វារ បញ្ឈប់សកម្មភាព នៃការធ្វើអាជីវកម្មមួយរយៈ រងចាំឱ្យម្ចាស់សិប្បកម្មចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕ នុប រក្សា






