ខេត្ដបន្ទាយមានជ័យ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ដែលឪពុកម្តាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបណ្តែតបណ្តោយឲ្យកូនចៅ លេងទឹកដោយគ្មានមនុស្សចាស់ទៅជាមួយនោះឡើយ។ ជាក់ស្តែងកុមារា២នាក់បងប្អូន ឪពុកកំពុងតែរាស់ដីស្រែ ព្រូសស្រូវ ២នាក់បងប្អូនបបួលគ្នាទៅលេងទឹកប្រឡាយ ក៏បណ្ដាលឲ្យលង់ស្លាប់ទាំង២។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅត្រង់ចំណុចបឹងមាឃ នៅខាងត្បូងភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំងាយពីភូមិ៥០០ម៉ែត្រ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កុមារាជាបង ឈ្មោះ កោះ លាង ភេទប្រុស អាយុ០៧ឆ្នាំ និងកុមារាជាប្អូន ឈ្មោះ កោះ ឡាង ភេទប្រុស អាយុ០៤ឆ្នាំ ដែលមានឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៉ីឡុង អាយុ៣១ឆ្នាំ នៅភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ តាមការសាកសួរព័ត៌មានពីឪពុកបាននិយាយថា កូនប្រុសរបស់គាត់ទាំង២នាក់ បានទៅតាមគាត់ភ្ជួររាស់ដីស្រែ ដើម្បីព្រូសស្រូវ ពេលកំពុងតែភ្ជួររាស់ ភ្លេចខ្លួនមួយភ្លេត ក៏ស្រាប់តែបាត់ពួកគេទាំង២នាក់ ដោយមិនដឹងទៅណា ហើយគាត់ក៏ដើររកមើលកូនតាមប្រឡាយ ស្រាប់តែប្រទះឃើញកូនគាត់លង់ទឹកស្លាប់ទាំង២នាក់ មិនដឹងពីពេលណានោះទេ។
ជាមួយគ្នានោះដែរ លោកអធិការបានអំពាវនាវទៅដល់អាណាព្យាបាល ក៏ដូចជាឪពុកម្តាយទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះកូន ចៅតូចៗ កុំឲ្យមានការឆ្វេសប្រហែស ខណៈពេលនេះគឺជា រដូវទឹកឡើង កុំឲ្យក្មេងលេងទឹកដោយគ្មានមនុស្សនៅក្បែរ ដែលនាំឲ្យមានគ្រោះថ្នាក់។
បច្ចុប្បន្ននេះសពក្មេងប្រុស២នាក់បងប្អូន ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រែង និងអាឡោះអាល័យជាទីបំផុត៕






