
ខេត្ដបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលមានទំហំ ៨ម×១៤ម កំពស់៨ម ប្រក់សង្ហ័សីខាងលើ ឈើខាងក្រោម រៀបអិដ្ឋ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ហេតុការណ៍នៃអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ សុផល ជាប្ដី អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ ដាត់ រៀម អាយុ៥៩ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០៣នាក់ រស់នៅភូមិពន្នៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់នៅផ្ទះម្នាក់ឯង កូនៗចំនួន៤នាក់ទៅធ្វើការនៅប្រទេសថៃអស់ ចំណែកប្តីរបស់គាត់ទៅព្យាបាលជម្ងឺពោះវៀនដុះខ្នែងនៅឯភ្នំពេញ។ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ ហើយប្តីគាត់បានឡើងទៅលើផ្ទះអុជធូបនៅលើហឹងបន់ស្រន់ជីដូនជីតា ឲ្យជួយពេលវះកាត់កុំឲ្យមានគ្រោះថ្នាក់អ្វី។ ក្រោយពីអុជរួច បានចុះមកដេកនៅក្រោមផ្ទះ។ កំពុងតែដេកលង់លក់មួយភ្លេត ក៏ស្រាប់តែលឺអ្នកជិតខាងស្រែកប្រាប់ថា មានភ្លើងឆេះផ្ទះ គាត់ក្រោកមើលភ្លើងឆេះសន្ទោរសន្ធៅ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋនៅក្នុងភូមិ និងរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុក ចុះជួយធ្វើអន្តរាគមន៍ ជួយពន្លត់ តែមិនអាចជួយបាន ព្រោះភ្លើងបានឆេះសន្ធោរសន្ធៅ ម្យ៉ាងវិញផ្លូវឆ្ងាយ ទម្រាំរថយន្តពន្លត់អគ្គីភ័យទៅដល់ បានបាញ់ទឹកអស់ចំនួន៤ឡាន តែទោះបីជាការជួយអន្តរាគមន៍នេះមិនទាន់ពេលវេលា ក៏យើងបានទប់ស្កាត់ភ្លើងកុំឲ្យឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាង។
ជាមួយគ្នានោះដែរ បានរកឃើញសម្ភារៈ គ្រឿងអលង្ការមួយចំនួនទាំងយប់ មាន១/. ជញ្ជៀនមាស ៣វង់, ២/. ក្រវិលមាស ១គូ, ៣/. ខ្សែដៃមាស ១ខ្សែ, ៤/. ខ្សែកមាស ១ខ្សែ, ៥/. ឡត ៣ដើម, ៦/. គ្រាប់ក្រខូប ១គ្រប់ ប្រគល់ជូនម្ចាស់ផ្ទះវិញ។ ជាមួយគ្នានោះដែរ លោកអធិការនគរបាល ស្រុក លោកវរសេនីយ៍ឯក ជា ស្លូញ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ព្រោះនេះជារដូវក្តៅហួតហែង ងាយនឹងកើតមានអគ្គីភ័យណាស់៕ នុប រក្សា