ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងជញ្ជាំងស័ង្កសី ដំបូលស័ង្គសី ទំហំ ៧មx៨ម បានក្លាយជាចំណីអគ្គីភ័យ ខណៈពេលម្ចាស់ផ្ទះបិទទ្វារចាក់សោរ រួចដើរចេញទៅក្រៅ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ុន សាង អាយុ៣០ឆ្នាំ ត្រូវជាប្ដី មានមុខរបរធ្វើស្រែចំការ និងមានប្រពន្ធឈ្មោះ សំ ណាងសឿត អាយុ៣២ឆ្នាំ មុខរបរជាគ្រូបង្រៀន។ លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យឆាបឆេះផ្ទះ លោកបានដឹកនាំកម្លាំងនគរបាលស្រុក និងរួមទាំងយករថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកមួយគ្រឿង រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាពលរដ្ឋនៅមូលដ្ឋានដឹកទឹកតាមគោយន្ត ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយភ្លើងឆាបឆេះខ្លាំង យើងមិនអាចជួយសង្គ្រោះផ្ទះនោះបាន ប៉ុន្តែយើងអាចទប់ស្កាត់ មិនឲ្យភ្លើងឆេះរាលដាលទៅផ្ទះផ្សេង។
នៅក្នុងករណីបង្កឲ្យមានអគ្គីភ័យនេះ គឺមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ខូចខាតតែផ្ទះទៀមសង់ផ្ទាល់ដីមួយខ្នង ទំហំ ៧ម X ៨ម ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី និងសម្ភារៈ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ មានខ្សែដៃមួយខ្សែតំលៃ១៥០០០បាត, ជញ្ជៀន១វង់តំលៃ១៥០០បាត, ប្រាក់ថៃ២ម៉ឺនបាត និងប្រាក់ខ្មែរចំនួន២លានរៀល, ទូរដាក់ខោអាវ១, គ្រែដេក១, កង់១, ស្រូវ៨០០គីឡូ, អង្ករ១០០គីឡូ។
តាមការសាកសួរបំភ្លឺពីស្ត្រីជាម្ចាស់ផ្ទះបានប្រាប់ថា មុនពេលកើតហេតុ គាត់បានចាក់សោផ្ទះ រួចដើរចេញទៅក្រោមួយភ្លេត ស្រាប់តែមានគេប្រាប់ថាភ្លើងឆេះផ្ទះ ដោយការភ័យស្លន់ស្លោរចាក់សោមិនបាន ក៏បណ្តាលឲ្យភ្លើងឆាបឆេះសន្ធោរសន្ធៅឡើង ចំណែកឯប្តីរបស់គាត់រវល់ទៅចំការ។
ជាមួយនឹងការកើតមានអគ្គីភ័យនេះ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មុនចេញទៅណាត្រូវបិទគុប ភ្លើងប្រើ ជើងចង្រ្កានហ្គាស ឬអុស-ធ្យូង ត្រូវពន្លត់ឲ្យរលត់ជាមុនសិន កុំឲ្យមានការឆ្វែសប្រហែស តែមួយពព្រិចភ្នែក ធ្វើឲ្យកើតមានមហន្តរាយកើតឡើង៕ នុប រក្សា






