ខេត្ដព្រៃវែង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកហ្វតដឹកអ្នកដំណើរមួយគ្រឿង បើកបុកម៉ូតូ២គ្រឿងបន្តបន្ទាប់គ្នា កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8A ត្រង់ចន្លោះគីឡូម៉ែត្រលេខ47-48 ស្ថិតក្នុងភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីរថយន្តម៉ាកហ្វតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5449 បើកបរដោយម្ចាស់មិនស្គាល់អត្ដសញ្ញាណធ្វើដំណើរពីលិច ទៅកើត។ លុះពេលបើកមកដល់កន្លែងខាងលើ ក៍បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3525 បើកបរដោយម្ចាស់ឈ្មោះ អុល ភេទប្រុស អាយុ55ឆ្នាំ មុខងារជានាយសាលាបឋមសិស្សា មានទីលំនៅភូមិត្បូងដំរី ឃំុកំពង់ចំលង ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ខណៈកំពុងធ្វើដំណើរពីខាងមុខរថយន្តក្នុងទិសដៅស្របគ្នា ហើយបានបត់ឆ្វេងប្តូរគន្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពារាំងភ្លាមៗ។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2GG-0005 របស់ម្ចាស់ឈ្មោះ ហាវ សុងនី ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅភូមិមេសរប្រចាន់ ឃំុមេសរប្រចាន់ ស្រុកពារាំង ដែលម្ចាស់ចតបញ្ឈរនៅលើចិញ្ចើមផ្លូវ ចុះទៅទិញកាតទូរសព្ទ័ បណ្តាលឲ្យរងការខូតខាតផងដែរ។ ភ្លាមនោះអ្នកបើកបររថយន្តបង្ករបានបើកទ្វារឡាន ចុះរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វេីការវាស់វែងប្រមូលយកវត្ថតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីស្រាវជ្រាវនិងបំពេញសំណំុរឿងតាមនីតិវិធី៕ សុឹម សាន់