ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា កាលពីថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានទទួលព័ត៌មាន ទាក់ទិននឹងការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្ករបរទេស (ថៃឡង់ដ៏) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដលើមនៃទំនិញ។បើតាមការស្រាវជ្រាវបឋមរបស់ក្រសួងបានអោយដឹងថា ទំនិញអង្ករខាងលើ មានដាក់លក់នៅក្នុងទីផ្សារ ម៉ុងរ៉េអាល់ នៃប្រទេសកាណាដា តែប៉ុណ្ណោះ គឺពុំមានដាក់លក់នៅតាមទីផ្សារនៃប្រទេសផ្សេងៗឡើយ។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ សហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ពីស្ថាប័ន មានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល (ចាប់តាំងពីដំណាក់កាលផលិត រហូតដល់មាត់ច្រកនាំចេញ) ដោយមានការចូលរួម សហការណ៍ពីវិស័យឯកជន និងក្រុមហ៊ុននាំចេញ ជាដើម។
ឆ្លើយតបបាតុភាពខាងលើនេះ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការតាមមធ្យោបាយ ការទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គល្មើស សំដៅបញ្ឈប់ការធ្វើចរាចរណ៍ទំនិញក្លែងបន្លំអត្តសញ្ញាណ នេះ។







