
យូអិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូថា នៅភាគខាងកើត នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កាលពីសប្តាហ៍មុន ក្រុមឧទ្ទាម M23 បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១៣១នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ និងកុមារ១២នាក់។ លោកស្តេហ្វាន ឌូចារិច ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញូ ហ្គូធើរែ បាននិយាយថា “មនុស្ស៨នាក់ទៀតត្រូវបានបាញ់ និងរងរបួស មនុស្ស៦០នាក់ត្រូវបានចាប់ពង្រត់ ហើយយ៉ាងហោចណាស់២២ នាក់ និងក្មេងស្រី៥ នាក់ត្រូវបានរំលោភ” ។
គួរបញ្ជាក់ថា បេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ម៉ូនុស្កូ និងដៃគូសិទ្ធិមនុស្សបានបញ្ជាក់ពីចំនួនអ្នកស្លាប់ បន្ទាប់ពីការស៊ើបអង្កេតបឋមលើការវាយប្រហារសងសឹកកាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ប្រឆាំងនឹងជនស៊ីវិល។ លោកបាននិយាយថា “បេសកកម្មស្វាគមន៍ការសម្រេចចិត្តរបស់អាជ្ញាធរកុងហ្គោ ក្នុងការចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំង នឹងជនល្មើសនៃការរំលោភសិទ្ធិមនុស្សទាំងនេះ និងច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យរូបនេះ បាននិយាយថា បេសកកម្មនេះគឺត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីនាំជនល្មើសមកកាត់ទោស និងអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាលើជនស៊ីវិល៕
ប្រែសម្រួលដោយ ប៊ុន សុភាព

