សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងស្វែងរកប្រភពថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវការក្នុងវិស័យថាមពល និងដើម្បីការពារបរិស្ថាន។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពល រដ្ឋរងផលប៉ះពាល់ដោយសារគម្រោង វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ជាង៣០០គ្រួសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមាន ប្រសាសន៍ថា តម្រូវការអគ្គិសនីនៅកម្ពុជា កើនឡើងខ្ពស់ ដោយសារកំណើន ប្រជាជន និងការវិនិយោគ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូត ដល់ទៅជា ២២០០មេហ្គាវ៉ាត់។ គ្រាន់តែរាជធានីភ្នំពេញត្រូវការថាមពលអគ្គិសនីរហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់ ខណៈកាលពីមុនត្រូវការតែត្រឹម ៣០មេហ្គាវ៉ាត់។
រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងស្វែងរកប្រភពថាមពលអគ្គិសនីកកើតឡើង វិញ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញតម្រូវ ការ ក្នុងវិស័យឧស្សាហកម្មសេវាកម្ម និងការវិនិយោគ និងដើម្បីការពារបរិស្ថានផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីជាតម្លៃអគ្គិសនី នៅប្រទេសជិតខាងកម្ពុជា បានដំឡើងថ្លៃលើសកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចោទសួរ ទៅកាន់អ្នកបរិស្ថាននិយម ដែលជំទាស់ការប្រឹងប្រែងបង្កើតប្រភពថាមពលអគ្គិសនីថា តើចង់វិលទៅដុតចន្លុះវិញ ឬយ៉ាង ណា។ សម្តេចតេជោ បន្ថែមថា មនុស្សមួយចំនួន បាននិយាយទប់ស្កាត់នូវការផលិតអគ្គិសនី ប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេក៏ទាមទារការដោះស្រាយអគ្គិសនីឲ្យពួកគេ។
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអនុភាព ៨០មេហ្គាវ៉ាត់ (MW) គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍ សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ កម្ពុជាផលិតថាមពលអគ្គិសនី បានជិត៨០ ភាគរយ ខណៈថាមពលអគ្គិសនីតែ ២០ភាគ រយ ប៉ុណ្ណោះទិញពីប្រទេសឡាវ វៀតណាម និងថៃ។
រាល់ថ្ងៃនេះកម្ពុជា មានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣៤០០មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការបច្ចុប្បន្ននេះត្រឹមតែប្រមាណជិត ២២០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។
គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ ២៤៥ ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយ ប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម៕






