(ប្រទេសស្វីស) ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម (Cooperation in Residual Contamination Management) រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។
អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌល GICHD ។
ការអនុស្សរណៈនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលស្ថាប័នទាំងពីរ អាជ្ញាធរមីន និង GICHD បានបង្កើតភាពជាដៃគូរយៈពេលជាងមួយទសវត្សរ៍ និងបានប្តេជ្ញាចិត្តរួមក្នុងគោលការណ៍នៃសកម្មភាពមនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជឿជាក់ថា អាជ្ញាធរមីន និង GICHD នឹងបោះជំហានទៅមុខយ៉ាងសំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជារួចផុតពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យសហគមន៍ទាំងអស់មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងវិបុលភាព។ ជាមួយគ្នានោះ ការប្តេជ្ញាចិត្តនេះ គឺជាកិច្ចការរួមគ្នាឈានឆ្ពោះទៅរកអនាគតមួយដែលពិភពលោកគ្មានការគំរាមពីគ្រាប់មីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ចាប់តាំង ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ កម្ពុជា បានរដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣០២៤ គីឡូម៉ែត្រក្រឡា ក្នុងនោះរួមទាំងតំបន់មានគ្រាប់បែកចង្កោម។ ទោះបីមានកិច្ចខិតខំប្រឺងប្រែង និងមានការរួមចំណែកពី GICHD ក៏ដោយ កម្ពុជា នៅសល់ផ្ទៃដីមានមីនចំនួន ៥៣៣ គីឡូម៉ែត្រក្រឡា និង ១.៣២១ គីឡូម៉ែត្រក្រឡា នៃសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលត្រូវបន្តដោះស្រាយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា ជាមួយនឹងប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រកបដោយចក្ខុវិស័យ គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព និងទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការកាត់បន្ថយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យស្ថិតនៅកម្រិតអប្បបរមា។
ពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ា ឯកឧត្តម លី ធុជ បានថ្លែងថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏សំខាន់មួយដែលប្រទេសកម្ពុជាត្រូវបានជ្រើសតាំងពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងកិច្ចប្រជុំនោះនឹងត្រូវមានការអនុម័តផែនការសកម្មភាពសៀមរាប-អង្គរ ០៥ឆ្នាំ និងសេចក្តីប្រកាសនយោបាយសៀមរាប-អង្គរ ដែលរដ្ឋភាគី និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។ ភាពជោគជ័យនៃអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ ក៏មានការរួមចំណែកឥតឈប់ឈរពីមជ្ឈ មណ្ឌល GICHD ក្នុងការពង្រឹងការអនុវត្តមាត្រា ៥នៃអនុសញ្ញាស្តីពីការបោសសម្អាតមីន ផងដែរ៕






