កម្ពុជា ប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារ:សំខាន់សត្វខ្លាធំ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការីជាមួយក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃវត្ថមានរបស់សត្វខ្លាធំ។
ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ W.A បាន រៀបចំប្រារព្ធទិវាសត្វខ្លាធំ ដើម្បីបង្ហាញការយល់ដឹងដល់សាធារណជនពីគម្រោងស្តារ ប្រភេទសត្វនេះឡើងវិញ បន្ទាប់ពីត្រូវបានអ្នកជំនាញវាយតម្លៃថា បាត់ដាននៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។
លោក Jorge Saavedra តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) បានថ្លែងថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាមួយគ្នាក្នុងការការពារតំបន់ព្រៃជួរភ្នំក្រវាញខាងត្បូង សម្រាប់គម្រោងស្តារសត្វខ្លាធំជាលើកដំបូងឡើងវិញ។
ខ្លាធំចំនួន៤ក្បាល ដែលក្នុងនោះមានខ្លាធំញីចំនួន៣ក្បាល នឹងត្រូវដឹកចេញពីតំបន់មួយនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិតទេវីយ៉ានី ខូបប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វខ្លាធំទាំង៤ក្បាលនោះ នឹងមកដល់កម្ពុជានៅចុងឆ្នាំ២០២៤នេះ ឬដើមឆ្នាំ ២០២៥។
នៅពេលមកដល់នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ហើយត្រូវតាមដានដោយការល្បាតរបស់មន្ត្រីឧទ្យានុរក្ស ការបំពាក់វិទ្យុទាក់ទង(GPS)លើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ជាដើម។
លោកជំទាវ បញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជាមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការស្ដារឡើងវិញនូវជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាផងដែរ។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសា សន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត បន្ទាប់ពីត្រូវបានអន្តរជាតិចាត់ជាប្រទេស ដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ។
ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួង បរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុរបស់ប្រទេសឥណ្ឌា ក្នុងការនាំយកសត្វខ្លាធំមកកាន់កម្ពុជា ស្របតាមអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ និងការគ្រប់ គ្រងសត្វព្រៃ រួមទាំងការស្តារសត្វខ្លាធំ និងទីជម្រក ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា «ក្រសួងបរិស្ថានសហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំ ផែនការយុទ្ធសាស្ត្រសម្រាប់ស្ដារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ការសិក្សាចំនួនសត្វរំពារនិងជម្រក កសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ ការលើកកម្ពល់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋាន ជាដើម»។
តាមគម្រោង សត្វខ្លាធំជំហានទី១ ចំនួន ៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃតាតៃ នៃតំបន់ ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្ម ជាតិ៕






