អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២ ដែលបានចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅក្នុងសួនសួនអប់រំបណ្តុះបណ្តាល បច្ចេក ទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែង ក្នុងពិធីបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ។
ជាពិសេសការអភិវឌ្ឍវិស័យការងារ រួមទាំងការបង្កើតការងារ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ការលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ដូចបានរំលេចក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះ មានគោលបំណងសំខាន់៤គឺ៖១,ជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ ២,លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងលើកតម្លៃការងាររបស់យុវជននិងកម្មករជំនាញ ៣,ពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការមិនមែនរាជរដ្ឋាភិបាលលើវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង ៤ ផ្តល់ជាមធ្យោបាយទទួលស្គាល់គុណភាព សមត្ថភាពសម្រាប់ការងារល្អប្រសើររបស់ពលករជំនាញ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានលើកទឹកចិត្តក្មួយៗជាបេក្ខជន ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាព ចំណេះដឹង ជំនាញ ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភី ដោយត្រូវគោរព និងអនុវត្តទៅតាមលក្ខន្តិកៈ និងការណែនាំរបស់គណៈកម្មការសម្រាប់ការប្រកួតប្រជែង។
ហើយក៏សូមណែនាំដល់គណៈកម្មការសម្រាប់ការប្រកួតប្រជែង ត្រូវគោរពទៅតាមតួនាទីភារកិច្ចរបស់ខ្លួន និងត្រូវផ្តល់នូវសុភវិនិច្ឆ័យដោយយុត្តិធម៌ដល់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះ។
ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានអ.ប.វ និងជាប្រធានគកម្មការរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២បានថ្លែងឱ្យដឹងថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២២ មានរយៈពេលប្រាំថ្ងៃ លើ៨មុខជំនាញ មានបេក្ខជនចូលរួមសរុបចំនួន៦១រូប (បេក្ខនារី ចំនួន៧រូប)។ ក្នុងនោះ ជំនាញតបណ្តាញអគ្គិសនី បេក្ខជនចំនួន១២រូប ស្រី១រូប ជំនាញរៀបឥដ្ឋ បេក្ខជនចំនួន៦រូប ជំនាញផ្សារបេក្ខជនចំនួន៤រូប ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ចបេក្ខជនចំនួន៦រូប ស្រី១រូប ជំនាញរចនាគេហទំព័របេក្ខជនចំនួន៩រូប ស្រី១រូប ជំនាញរចនាក្រាហ្វិកបេក្ខជនចំនួន ១៣រូប ស្រី៣រូប ជំនាញរៀបការ៉ូបេក្ខជនចំនួន៥រូប និងជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្មបេក្ខជនចំនួន ៦រូប (ចែកជា៣ក្រុម) ស្រី១រូប។
សូមបញ្ជាក់ថា បេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដែលមេដា យមាសត្រូវទទួបានរង្វាន់ចំនួន៣លានរៀល មេដាយប្រាក់ទទួលបានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិទទួលបានរង្វាន់១លានរៀល៕
ដោយ៖ សំអាត និង ពិសិដ្ឋ






