រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមយុវជន U18 Fukushima នៃសមាគមកីឡាបាល់ទាត់ជប៉ុន នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី មិនមានការលក់សំបុត្រឡើយ។
ជំនួបមិត្តភាពនេះ កើតឡើងក្រោយមានកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតប្រទេសកម្ពុជា-ជប៉ុន។ ទន្ទឹមជាមួយគ្នា ក្រុមទាំងពីររំពឹងថា នឹងទទួលបាននូវបទពិសោធន៍ថ្មីពីគ្នាទៅវិញទៅមក ពីការប្រកួតមិត្តភាពនេះ ពិសេសគឺការរឹងចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្ដូរនូវបច្ចេកទេសតែម្ដង។
គួរបញ្ជាក់ថា ជាមួយនឹងការប្រកួតមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន គឺមាន២ប្រកួតឯណោះ ពោលគឺក្រោយការប្រកួតល្ងាចនេះ ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៨ គឺក្រុមវិសាខា នឹងត្រូវទទួលក្រុម U18 Fukushima របស់ជប៉ុនវិញម្ដង នៅថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕
ប្រភព៖ Fresh News






