ភ្នំពេញ ៖ កម្មកររោងចក្រ ហុង ស៊ីង នៅខណ្ឌមានជ័យ ស្នើសុំឲ្យមន្ត្រីក្រសួងការងារជួយសម្រួលនីតិវិធីលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រឲ្យបានលឿន ក្រោយពេលដែលថៅកែរោងចក្របានរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ដោយមិនព្រមចូលខ្លួនដោះស្រាយតាមកាលកំណត់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ។
ក្រុមកម្មករបានប្តូរវេនគ្នាដេកយាមទាំងថ្ងៃ ទាំងយប់ តាំងពីពេលនោះមក ដើម្បីឃ្លាំមើលសម្ភារៈខ្លាចមានការលួចដឹកចេញ។
រោងចក្រ ហុង ស៊ីង មានកម្មករសរុប ១៩០នាក់ ថៅកែជាជនជាតិចិន បានចាក់សោទ្វាររបងរោងចក្រ ហើយរត់ចោលកម្មករតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។
នៅថ្ងៃទី១១ ខែមីនា នេះ ក្រុមកម្មករបានប្រាប់ថា ពួកគេគ្រោងចាប់ផ្ដើមលក់សម្ភារៈក្នុងរោងចក្រតែមិនហ៊ាន ដោយសារមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងការងារ៕






