
សាលាប្រូមស៍ក្រូវ អន្តរជាតិកម្ពុជា ពីចក្រភពអង់គ្លេស បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោរបស់ខ្លួន នៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀត។
ក្នុងឱកាស.ពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ឯកឧត្តម Marc Thayre អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា តំណាងស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដោយមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមក ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកាន់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់កម្រិតបទដ្ឋានអន្តរជាតិ ដែលមាតាបិតាជាច្រើនកំពុងស្វែងរក។ ជាងនេះទៅទៀត ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការនាំយកនូវសាលាប្រូមស៍ក្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាសនៃការបណ្តុះ បណ្តាលកុលបុត្រកុលធីតាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយនៃការរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។ តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាប្រូមស៍ក្រូវនេះ លោកទាំងពីរសង្ឃឹមថា សិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើន នឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និង សេដ្ឋកិច្ច នៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយកនូវចំណេះដឹងទាំងនេះមកអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគាត់រៀងៗខ្លួនឱ្យបានកាន់តែរីកចម្រើន។ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃកម្ពុជា បានបង្ហាញនូវមោទនភាព នៃការទទួលបានសិទ្ធិក្នុងការដំណើរការ សាលាប្រូមស៍ក្រូវ ដែលជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រថៃឡង និងនៅប្រទេសចិន មកព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបានប្រកាសស្វាគមន៍ និងគាំជាខ្លាំងដល់ដំណើរការនៃសាលាប្រូមស៍ក្រូវនៅកម្ពុជា។
ក្នុងពិធីសម្ពោធនេះ លោកស្រី Philippa Barson នាយិការសាលាប្រូមស៍ក្រូវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាដែលនឹងត្រូវអនុវត្តនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សាលានឹងមានទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់សិស្សថ្នាក់ទី១២តែម្តង ដោយបំពាក់ទៅដោយបរិក្ខាយ៉ាងសំបូរបែបដែលជាការចាំ បាច់ គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ។ ប្រូមស៍ក្រូវ ត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ដែលជាអាគាសិក្សាផ្ទាល់ខ្លួនរបស់ម្ចាស់សាលា ដោយបង្កនូវភាពងាយស្រួលជាខ្លាំងដល់ការរៀបចំដើម្បីតម្រូវទៅតាមកម្មវិធីសិក្សា។ ឆ្នាំសិក្សាថ្មីដំបូងរបស់សាលា នឹងចាប់ផ្តើមចូលរៀននៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយចាប់ ផ្តើមទទួលចុះឈ្មោះសិស្សក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការផ្តល់ជូនជាពិសេសដល់ក្រុមគ្រួសារដែលបានចុះឈ្មោះមុនគេផងដែរ។
លោក ឧញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំយកនូវគុណភាពនៃការសិក្សាលំដាប់ពិលោក មកបម្រើដល់កុលបុត្រកុលធីតាកម្ពុជាយើង ក្នុងនៃចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះ លើបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីជាសរសរទ្រូងដ៏រឹងមាំក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិយើង។ លោកបានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ឱ្យចូលរួមគាំទ្រដល់សាលាប្រូមស៍ក្រូវក្នុងការផ្តល់នូវសេវាអប់រំនៅកម្ពុជាឱ្យបានខ្លាំងខ្លាទាំងអស់គ្នា។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយភ្ទាល់តាមរយៈទូរស័ព្ទលេខ 012 718 555 ឬ 016 718 555៕