មេដឹកនាំអាស៊ាន-ជប៉ុន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំអាស៊ាន-ជប៉ុន លើកទី២៥ (25th ASEAN – Japan Summit) ដែលរៀបចំដោយកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ទីតាំងដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ២រូប គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បញ្ជាក់ថា ភាពជាដៃគូនៃទំនាក់ទំនងចេញពីបេះដូងរវាងអាស៊ាន និងជប៉ុន បាន មកនូវជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ដែលចូលរួមចំណែកលើកកំពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៃតំបន់ទាំងពីរ។ សម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះការអនុវត្តជាក់ស្តែង ក្នុងការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអាស៊ាន ជប៉ុន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ»។ ជាមួយនឹង ទំនាក់ទំនងប្រកបដោយភាពរឹងមាំរបស់អាស៊ាន និងជប៉ុន យើងនឹងបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយនៅឆ្នាំក្រោយ ជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថា ថ្ងៃនេះគឺជាឱកាសដ៏ល្អ បំផុត សម្រាប់អាស៊ាន និងជប៉ុន ដើម្បីផ្លាស់ប្តូរទស្សនគ្នាជុំវិញបញ្ហាទ្វេភាគី បញ្ហាតំបន់ និងសាកលលោក។ នាយករដ្ឋមន្ត្រីជប៉ុន នឹងបន្តការគាំទ្រដល់អាស៊ាន ដល់កិច្ចខិតខំប្រឹង ប្រែងឡើងវិញក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩ និងចូលរួមចំណែកគាំទ្រដល់ការជំរុញសេដ្ឋកិច្ចតំបន់ ដោយផ្តល់កម្ចីប្រមាណ២៩៥ ពាន់លានដុល្លារយ៉េន។
ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។ បើយោងតាមទិន្នន័យអាស៊ាន សម្រាប់ឆ្នាំ២០២១ បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ជាង២៤០ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះធ្វើឲ្យប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់អាស៊ាន ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ក្នុងឆ្នាំ២០២១ដូចគ្នា៕







