
ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់
បច្ចុប្បន្ននេះ អំពើឆបោកតាមអនឡាញ និងល្បែងអនឡាញកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបបានជាបន្តបន្ទាប់ និងបន្តតាមបង្រ្កាប បើទោះបីក្រុមឧក្រិដ្ឋជនហាក់ដូចជាកំពុងប្តូរទិសដៅប្រព្រឹត្តបទល្មើសទៅកាន់បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាក៏ដោយ។ អាជ្ញាធរកម្ពុជា បានប្តេជ្ញាតាមបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ក៏ដូចជា ល្បែងអនឡាញឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ពិសេស យុវជន ក៏គួរប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយសារតែបទល្មើសអនឡាញនេះ។
កន្លងមក អាជ្ញាធរជំនាញរបស់កម្ពុជា បានបង្រ្កាបទីតាំងនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញជាច្រើនកន្លែងទាំងនៅក្នុងរាជធានីភភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។ ថ្មីៗនេះទៀតសោត កងកម្លាំងជំនាញនគរបាលជាតិកម្ពុជា បានចុះទៅបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានចាប់ខ្លួនជនបរទេសមានដល់ទៅ៤សញ្ជាតិ គឺចិនចំនួន២៤៧នាក់ មីយ៉ាន់ម៉ាចំនួន៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្នុងចំណោមនោះ ជនល្មើស១៤នាក់ មានចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា និងការបង្ខំឱ្យធ្វើការ។
សម្រាប់ភូមិភាគឦសាននៃប្រទេសកម្ពុជា នេះ គឺជាការបង្រ្កាបបទល្មើសអនឡាញទ្រង់ទ្រាយធំមួយ ដែលទាញឱ្យមានការព្រួយបារម្ភ និងចាប់អារម្មណ៍ថា តំបន់ឦសានដែលមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង កំពុងក្លាយជាគោលដៅប្រព្រឹត្តបទល្មើសតាមអនឡាញថ្មីរបស់ក្រុមឧក្រិដ្ឋជន។ មូលហេតុដែលក្រុមឧក្រិដ្ឋជន បង្វែរទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជា អាចដោយសារតែតំបន់នេះ នៅឆ្ងាយពីរាជធានីភ្នំពេញ និងទីប្រជុំសំខាន់ៗរបស់កម្ពុជា បង្កលក្ខណៈងាយស្រួលក្នុងការប្រព្រឹត្តបទលើ្មស។ មួយវិញទៀត ទំនងជាក្រុមឧក្រិដ្ឋជនគិតថា តំបន់ភូមិភាគឦសាននេះ គឺជាប់ព្រំដែនជាមួយវៀតណាម ដែលធ្វើឱ្យការតាមដាន និងបង្រ្កាបមានការពិបាក និងស្មុគស្មាញ ព្រោះត្រូវការការសហការជាមួយអាជ្ញាធរវៀតណាម ដែលនេះ វាអាចចំណាយពេល ហើយក៏ឱកាសដែលក្រុមឧក្រិដ្ឋជនអាចរត់គេចបានផងដែរ។
បើទោះបីជាយ៉ាងណា អាជ្ញាធរកម្ពុជា មិនអត់ឱនចំពោះការប្រព្រឹត្តបទល្មើសអនឡាញនៅលើទឹកដីកម្ពុជាជាដាច់ខាត ទោះបីក្រុមឧក្រិដ្ឋជនប្តូរគោលដៅទៅទីណាក៏ដោយ។ ជាចំណាត់ការក្តៅ និងការប្តេជ្ញាបង្រ្កាបឱ្យបាននូវបទល្មើសអនឡាញ កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡានតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា។ ចំណែក កាលពីខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចផ្ទាល់ជាអ្នកដឹកនាំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ សម្តេចធិបតី ក៏បានបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត អាវុធហត្ថរាជធានី-ខេត្ត ក៏ដូចជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមលក្ខណៈ ដើម្បីសហការគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
មែនទែនទៅ ការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញនេះ គឺក្រុមឧក្រិដ្ឋជនមានជំនាញខ្ពស់ខាងផ្នែកបច្ចេកវិទ្យា និងមានល្បិចកលច្រើន។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញជាពិសេសនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរកម្ពុជា គួរបង្កើត និងពង្រឹងក្រុមការងារឯកទេសដែលមានជំនាញក្នុងការស៊ើបអង្កេតបទល្មើសអនឡាញ ពីព្រោះថា ឧក្រិដ្ឋជនអាចមានចំណេះដឹងខ្ពស់ក្នុងបច្ចេកវិទ្យា។ ជាមួយគ្នានេះ គួរប្រើប្រាស់ប្រព័ន្ធតាមដាន និងកម្មវិធីដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើស។ អាជ្ញាធរ ក៏គួររៀបចំសហការឱ្យបានល្អជាមួយខាងអាជ្ញាធរវៀតណាម ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការសហការបង្រ្កាប។
ចំពោះការផ្សព្វផ្សាយ អប់រំ គឺជារឿងចាំបាច់ដែលមិនអាចអត់បានឡើយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងល្បែងអនឡាញ។ ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គួរធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីហានិភ័យនៃបទល្មើសអនឡាញ។ បន្ថែមលើនេះ គួររៀបចំការបណ្តុះបណ្តាលដល់សាធារណជនអំពីវិធីការពារខ្លួនពីបទល្មើសអនឡាញ។ និយាយជារួម យុទ្ធនាការបង្រ្កាប និងយុទ្ធនាការអប់រំនេះ ត្រូវតែដើរទៅទន្ទឹមគ្នា ដើម្បីឱ្យការទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ការឆបោកតាមអនឡាញកើនឡើងជាមួយនឹងការរីកចម្រើននៃល្បែងអនឡាញ។ មនុស្សជាច្រើនត្រូវបានគេបោកប្រាស់តាមរយៈការផ្តល់សេវាកម្មល្បែងមិនប្រក្រតី ឬការប្រើប្រាស់បច្ចេកវិទ្យាក្លែងក្លាយ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និងលួចលុយពីអ្នកលេង។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋអស់លុយកាក់ឥតអំពើ និងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេថែមទៀតផង។ ការលេងល្បែងអនឡាញ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ជាពិសេស ទៅលើក្មេងៗ និងយុវជន ដោយពួកគេត្រូវចំណាយពេលច្រើនជាមួយល្បែងអនឡាញ បណ្តាលឱ្យការសិក្សា និងការងារធ្លាក់ចុះ។
ការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ រឿងមួយទៀត គឺប្រជាពលរដ្ឋ ជាពិសេស យុវជន ក៏ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងផងដែរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីបទល្មើសអនឡាញនេះ។ ប្រជាពលរដ្ឋ និងយុវជន ត្រូវការការពារព័ត៌មានផ្ទាល់ខ្លួន ដោយមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ អាស័យដ្ឋាន ឬព័ត៌មានហិរញ្ញវត្ថុជាមួយអ្នកដែលមិនស្គាល់។ ត្រូវប្រើពាក្យសម្ងាត់ដែលមានសុវត្ថិភាព និងកុំប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីផ្សេងៗ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងយុវជន កុំជឿភ្លាមៗលើការផ្តល់ជូនដែលហួសហេតុ ឬអាចធ្វើឱ្យអ្នករកប្រាក់ចំណូលច្រើនយ៉ាងឆាប់រហ័ស ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពដែលអាចទុកចិត្តបានមុនពេលធ្វើការសម្រេចចិត្ត។
រឿងដែលសំខាន់ គឺការស្គាល់ហានិភ័យនៃល្បែងអនឡាញ។ ប្រជាពលរដ្ឋ និងយុវជន កុំចូលរួមល្បែងអនឡាញដែលមិនមានការអនុញ្ញាត ឬមិនស្គាល់ប្រភព ហើយត្រូវយល់ពីហានិភ័យនៃការញៀនល្បែង និងការបាត់បង់ប្រាក់កាស។ ម្យ៉ាងវិញទៀត ត្រូវបង្កើនការយល់ដឹងអំពីការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព និងស្វែងយល់ពីបទល្មើសអនឡាញ ដោយសិក្សាពីវិធីសាស្ត្រដែលអ្នកឆបោកប្រើប្រាស់ ដើម្បីឱ្យអាចស្គាល់ និងជៀសវាងបាន និងគួរចូលរួមកម្មវិធីអប់រំដែលផ្តល់ចំណេះដឹងអំពីសុវត្ថិភាពអនឡាញ។ លើសពីនេះទៅទៀត គឺត្រូវរាយការណ៍ទៅអាជ្ញាធរ នៅពេលជួបប្រទះបទល្មើសអនឡាញ និងចែករំលែកព័ត៌មានអំពីបទល្មើសទៅកាន់សហគមន៍ ដើម្បីជួយការពារអ្នកដទៃផងដែរ។
ជាការកត់សម្គាល់ មួយរយៈនេះ មានការសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនក្នុងបទល្មើសឆបោក និងល្បែងអនឡាញដែលភាគច្រើនជាជនជាតិចិន ហាក់ដូចជាបានបង្វែរទិសដៅពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជានៅក្នុងមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។ ហេតុដូច្នេះហើយ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋទាំងនៅក្នុងតំបន់នោះ គួរតាមដានយ៉ាងយកចិត្តទុកដាក់ និងមានប្រុងប្រយ័ត្ន ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា៕